(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានថ្លែងបញ្ជាក់ថា នៅរាជធានីភ្នំពេញបច្ចុប្បន្ននេះ បញ្ហាប្រឈមការកកស្ទះ៣យ៉ាង ដែលកំពុងកើតមាន គឺការកកស្ទះចរាចរ ការកកស្ទះលូ (ទឹកលិច) និងការកកស្ទះសំរាម។
ការកកស្ទះចរាចរ ដែលនាំឲ្យប្រជាពលរដ្ឋធុញថប់ ចំពោះការធ្វើចរាចរ ដោយសារតែកំណើនប្រជាជន និងកំណើនមធ្យោបាយធ្វើដំណើរ (រថយន្ត ម៉ូតូ) កើនឡើងគំហុក។ ចំពោះបញ្ហាស្ទះលូ គឺបណ្តាលឲ្យមានបញ្ហាលិចលង់ ពេលមានភ្លៀងខ្លាំងម្តងៗ។ ដោយឡែកចំពោះការកកស្ទះសំរាមវិញ នៅពេលបុណ្យទានម្តងៗ ក្រុមហ៊ុនប្រមូលសំរាម ប្រមូលមិនទាន់ ក៏ព្រោះតែកំណើននៃប្រើប្រាស់ និងហូបចុករបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ យ៉ាងដូច្នេះថា «ឥឡូវនេះ ទឹកដីរបស់យើងដែលមុននេះ ជាទីក្រុងខ្មោច ជាទីក្រុងដែលគ្មានសកម្មភាព ឥឡូវបានក្លាយទៅជាទីក្រុមមួយ ដែលយើងជួបប្រឈមនឹងបញ្ហាថ្មី។ កាលពីឆ្នាំ១៩៩៧ និងទសវត្សរ៍៨០ បញ្ហាដែលយើងជួបប្រទះពេលនោះ គឺមានការលំបាក និងងាយស្រួល។ ការលំបាកគឺខ្វះទឹក ខ្វះភ្លើង (អគ្គិសនី) ខ្វះមធ្យោបាយធ្វើដំណើរក្នុងទីក្រុង ប៉ុន្តែមកដល់ពេលឥឡូវនេះ បញ្ហាប្រឈមថ្មីបាន កើតឡើងសម្រាប់យើង គឺបែរទៅជាកកស្ទះចរាចរ កកស្ទះលូ និងកកស្ទះសំរាម»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរាជធានីភ្នំពេញគ្រាន់តែមធ្យោបាយធ្វើដំណើរ (រថយន្ត និងម៉ូតូ) មានរហូតដល់ជាង២លានគ្រឿង ដែលនេះហើយជាមូលហេតុដែលនាំឲ្យស្ទះចរាចរ ប្រសិនបើចំនួននៃយានយន្តទាំងនេះ ចេញធ្វើចរាចរតែ៥០ភាគរយ ដំណាលគ្នា។
ថ្លែងនៅមុខប្រជាពលរដ្ឋរាប់ពាក់នាក់ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី រង្វង់មូលចោមចៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំការយោគយល់ និងអាធ្យាស្រ័យពីសំណាក់ ប្រជាពលរដ្ឋទាំងអស់ ដែលរងការជន់លិចទឹក ដោយសារទឹកភ្លៀង ដែលបណ្តាលឲ្យមានផលវិបាក ក្នុងការរស់នៅប្រចាំថ្ងៃ។
សម្តេចបញ្ជាក់ថា ត្រូវទទួលស្គាល់ពីស្ថានភាពពិត របស់រាជធានីភ្នំពេញ ហើយថាការថ្លែងរបស់សម្តេចបែបនេះ ក៏មិនមែនជាការការពារអភិបាលរាជធានីភ្នំពេញនោះឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ទឹកជំនន់នេះ ដោយសារទឹកភ្លៀងខ្លាំង ហើយសូម្បីតែទឹកទន្លេមេគង្គ ក៏ហូរមិនទាន់ដែរ ព្រោះទឹកពីលើធ្លាក់មកច្រើន ហើយហូរចាក់ទៅក្រោមមិនទាន់ ហើយការជន់លិចនេះ មិនមែនមានតែរាជធានីភ្នំពេញនោះទេ បណ្តាក្រុងនានានៅលើពិភពលោក ក៏បានជួបគ្រោះលិចបែបនេះដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «និយាយដល់បញ្ហាលិចក្រុងភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ខ្ញុំក៏សុំយកឲ្យឱកាសនេះ សុំការអធ្យាស្រ័យ និងយោគយល់អំពីស្ថានការណ៍ពិតប្រាកដរបស់យើង ដែលទីក្រុងភ្នំពេញវាមានការលិចលង់ វាមិនមានរឿងអ្វីចម្លែកទេ។ ប្រសិនបើយើងយល់ពីស្ថានការណ៍ ពិតនៃទីក្រុងភ្នំពេញ ខ្ញុំនិយាយយ៉ាងដូច្នេះមិនមែនការពារអភិបាលក្រុងទាំងប៉ុន្មានជំនាន់មកហើយនោះទេ។...យើងត្រូវមានការយល់គ្នា ដំបូងត្រូវយល់ថា ហេតុអ្វីបានជាមានទឹកជំនន់ កុំថាឡើយក្នុងក្រុងភ្នំពេញ ជំនន់ទន្លេមេគង្គ ហេតុអីបានជាមានទឹកជំនន់? សូម្បីទន្លេក៏មិនអាចរំដោះទឹករួចទាំងអស់ដែរ ដោយសារតែទន្លេវាតូច ទឹកធ្លាក់មកពីលើវាធំជាងកន្លែងផ្ទុកទឹកនៅខាងក្រោម»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលខិតខំយ៉ាងខ្លាំង ក្នុងការកសាងប្រព័ន្ធរំដោះទឹក ពីក្នុងរាជធានីភ្នំពេញការពារការលិចលង់ ដោយមានជំនួយពីជប៉ុនផងដែរ ប៉ុន្តែដោយសារតែទំហំទឹកភ្លៀងធ្លាក់ខ្លាំងក្លាពេក ទើបប្រព័ន្ធរំដោះទឹក មិនអាចការពារការលិចលង់បាន។ ចំពោះការលិចលង់នេះ មិនមានតែរាជធានីភ្នំពេញទេ ដែលជួបប្រទះ ទីក្រុងធំៗមួយចំនួនក៏ធ្លាប់ទទួលការលិចលង់ដែរ រួមមានទីក្រុងបាងកក ក្រុងប៉ារីស ជាដើម៕