(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីឃុំចំណោម និងឃុំសឿ ដែលមានអ្នកចូលរួមជិត៤,០០០នាក់ នៅវិទ្យាល័យរោងគោ ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចក្រឡាហោម ស ខេង។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានបញ្ជាក់ថា ប្រទេសមានស្ថេរភាពនយោបាយ មានសន្តិភាព និងសន្តិសុខ ដែលកើតពីការខិតខំប្រឹងប្រឹងរួមគ្នា ដើរតាមបន្ទាត់នយោបាយយ៉ាងត្រឹមត្រូវរបស់បក្សប្រជាជន និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ ការជឿជាក់ពីអ្នកវិនិយោគទុនរកស៊ីរយៈពេលវែង ដោយរាជរដ្ឋាភិបាលបានផ្តល់លក្ខខណ្ឌងាយស្រួល ដល់វិនិយោគគិនបរទេស មានសិទ្ធិបើកក្រុមហ៊ុនផ្ទាល់ ខ្លួន១០០% ដោយមិនចាំបាច់ត្រូវការពឹងពាក់ ឬការចូលរួមពីអ្នកវិនិយោគក្នុងស្រុកឡើយ។
ការធ្វើបែបនេះក្នុងគោលបំណងដើម្បីបង្កើតឱកាសការងារបង្កើនប្រាក់ចំណូល ជូនប្រជាពលរដ្ឋមានជីវភាពរស់នៅ កាន់តែប្រសើរឡើង ហើយកម្មការិនីជាស្រ្តីមានផ្ទៃពោះសំរាលកូន គឺទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែ ហើយទទួលបានប្រាក់ខែ១២០%។
ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ មហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ ដែលគោរពស្រលាញ់សម្តេច ហ៊ុន សែន បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិកន្លងមក ហើយសូមអញ្ជើញទៅបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តទៀតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ឲ្យបានគ្រប់គ្នា លេខរៀងទី២០ ងាយចាំ ងាយគិត ស្រួលគូស ដើម្បីបន្តសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យបន្ថែមទៀត។
ជាវប្បធម៌ចែករំលែក និងគិតគូរពីសុខទុក្ខ លោក កែ គឹមយ៉ាន បាននាំយកថវិកា សម្ភារ និងអំណោយចែកជូនមាន៖ ជូនប្រជាពលរដ្ឋ ចំនួន៣,៥៩៤នាក់ ម្នាក់ៗទទួលបានសារ៉ុង១, ជូនមនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង នៅឃុំចំណោម និងឃុំសឿ ចំនួន២៨៥នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា២ម៉ឺនរៀល សារ៉ុង១ក្រម៉ា បំពង់ទឹកក្ដៅ មី ពិល ទឹកដោះគោ ប្រេងកូឡា ប្រេងខ្យល់ ស្ករស អំបិលអ៊ីយ៉ូតតែ ប្រេងឆា កៅអៀក, ជូនគណកម្មាធិការបក្សឃុំចំណោម និងឃុំសឿ មួយឃុំៗថវិកា១លានរៀល, ជូនមណ្ឌលសុខភាពចំណោម ថវិកា៥០ម៉ឺនរៀល, ជូនវិទ្យាល័យរោងគោ ថវិកា៥០ម៉ឺនរៀល, ជួសជុលផ្លូវ២០០០ម៉ែត្រ ឆ្លងកាត់ភូមិបល័្លង្គជ្រៃ ទៅអូរជួបថ្មី ឃុំសឿ, ជួសជុលផ្លូវ១១,០០០ម៉ែត្រ ពីភូមិបឹងតូច ទៅភូមិបល័្លង្គជ្រៃនិងអូរជួបថ្មី, ជួសជុលផ្លូវប្រវែង១២,០០០ម៉ែត្រ ពីចំណោមខាងលិចទៅសាយសាម៉ន, ជួសជុលផ្លូវក្រាលថ្មមិចពី ភូមិរង្វានប្រវែង១,៣០០ម៉ែត្រ, ជួសជុលផ្លូវ និងស្តារប្រឡាយ១ខ្សែភ្ជាប់ពីឃុំសឿ មកឃុំចំណោម ប្រវែង១៥០០ម៉ែត្រ។
ផ្លូវក្រាលគ្រួសក្រហមទាំងអស់ដែល ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ផ្តល់ជូនប្រជាពលរដ្ឋឃុំចំណោម និងឃុំសឿ សរុបមានប្រវែង២៧គីឡូម៉ែត្រ៕