(កំពង់ស្ពឺ)៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំពិធីបើកសិក្ខាសាលា ស្តីពី «បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍» «Smoke-Free Environment in Tourism Sector» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សរ សុពុត្រា អភិបាលងខេត្តកំពង់ស្ពឺ តំណាងលោក វ៉ី សំណាង អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីរាជការ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
នៅក្នុងសិក្ខាសាលានេះ លោក ហោ សារុន បានថ្លែងថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីជំរុញផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានា ពិសេសសេចក្តីណែនាំ ស្តីពីបរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងការពារសុខមាលភាពរបស់ប្រជាជន ការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានីភ័យសុខភាពដល់អ្នកនៅជុំវិញនិងបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។
លោកបន្តថា ក្នុងបរិបទដ៏ទូលំទូលាយ នៃទេសចរណ៍ពិភពលោក វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក និងអភិរក្សបរិស្ថានប្រកបដោយចីរភាព។ យោងតាមរបាយការណ៍អង្គការទេសចរណ៍ពិភពលោកឆ្នាំ២០១៧កន្លងទៅនេះ ពិភពលោកទទួលបានទេសចរអន្តរជាតិចំនួន១.៣២២លាននាក់ ក្នុងកំណើន៧% បើប្រៀបធៀបនឹងឆ្នាំ២០១៦ (១.២៣៥លាននាក់)។ តាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក នៅឆ្នាំ២០៣០ ទេសចរពិភពលោកនឹងកើនដល់ចំនួន១.៨០០លាននាក់ ដែលគិតជាមធ្យមក្នុងមួយថ្ងៃមានភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ព្រំដែនប្រមាណ៥លាននាក់។ សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន វិស័យទេសចរណ៍មានការរីកចម្រើនយ៉ាងខ្លាំងផងដែរ នៅឆ្នាំ២០១៧កន្លងទៅ ការមកដល់នៃទេសចរអន្តរជាតិក្នុងតំបន់អាស៊ានចំនួន១២៥លាននាក់ កើនឡើង៨,៤% ដែលក្នុងនោះទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) មាន៤២% នៃទេសចរអន្តរជាតិសរុប។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបន្ថែមថា «ទន្ទឹមនឹងការកើនឡើងនៃទេសចរអន្តរជាតិ យើងសង្កេតឃើញថា នៅទសវត្សចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយក្នុងនោះវិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាកំពុងតែមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ដោយសារការធានាបាននូវកត្តាសន្តិសុខ និងសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះជំរុញវឌ្ឍនភាពសង្គម សេដ្ឋកិច្ចបៃតង អភិរក្សបរិស្ថាន និងកំណើនទេសចរណ៍ស្របតាមនិន្នាការទេសចរណ៍តំបន់ និងពិភពលោក»។
លោកបន្តថា ក្នុងឆ្នាំ២០១៧កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៥.៦លាននាក់ កើន១១,៨% ធៀបនឹងឆ្នាំ២០១៦ នាំចំណូលជូនជាតិប្រមាណ៣.៦៦៨លានដុល្លារអាមេរិកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ រយៈពេល៤ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន២.១៧៤.៦៧៦នាក់ កើនឡើង១៣,៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ហើយជាចក្ខុវិស័យនៅឆ្នាំ២០២០ កម្ពុជារំពឹងនឹងទទួលបានទេសចរអន្តរជាតិប្រមាណ៧លាននាក់ ដែលនឹងបង្កើតចំណូលជូនជាតិប្រមាណ៥ពាន់លានដុល្លារអាមេរិក និងបង្កើតការងារផ្ទាល់ប្រមាណជិត១លាននាក់។
លោក ហោ សារុន បានបញ្ជាក់ទៀតថា «ដើម្បីចូលរួមអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ការចូលរួមលើកកម្ពស់ក្នុងការទប់ស្កាត់នូវផលប៉ះពាល់ដល់សុខភាព និងបរិស្ថានដែលកើតឡើងពីផលិតផលថ្នាំជក់ ដែលបច្ចុប្បន្នបរិស្ថានគ្មានផ្សែងបារី «Smoke-Free Environment» ជាបរិបទមួយដែលពិភពលោក ក៏ដូចជា តំបន់បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក។ កម្ពុជាក៏ជាប្រទេសមួយដែលទទួលរងគ្រោះ ដោយផលិតផលថ្នាំជក់ផងដែរ ព្រមទាំងជាអ្នកគាំទ្រ និងប្តេជ្ញា អនុវត្តតាមគោលការណ៍ណែនាំ ដែលមានចែងក្នុងអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ របស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតតផលថ្នាំជក់។ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នចូលជាសមាជិកអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងការគាំទ្រ និងប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំដែលមានចែងក្នុងអនុសញ្ញារបស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងរួមចំណែកផលប៉ះពាល់លើសុខភាព បរិស្ថាន និងសេដ្ឋកិច្ច»។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានបន្ថែមទៀតថា «ក្នុងនាមក្រសួងទេសចរណ៍ សូមប្តេជ្ញាយ៉ាងមុតមាំបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត យុវជន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បី ជំរុញអនុវត្តច្បាប់ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំដែលពាក់ព័ន្ធនឹងបរិស្ថានគ្មានផ្សែងបារីបានដោយជោគជ័យ។ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ ផ្នែកឯកជននៃវិស័យទេសចរណ៍ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមអនុវត្តសេចក្តីណែនាំស្តីពីបរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជានេះឲ្យបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាព»។
ជាថ្មីម្តងទៀត ក្នុងនាមក្រសួងទេសចរណ៍ លោក ហោ សារុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលបានគាំទ្រ និងអនុញ្ញាតឲ្យលោក សុខ ភា អភិបាលរងខេត្ត ចូលរួមប្រជុំជាមួយក្រុមការងារ ព្រមទាំងផ្តល់ការគាំទ្រ និងលើកទឹកចិត្ត ក្នុងការអនុវត្តសេចក្តីណែនាំ ស្តីពីបរិស្ថានគ្មានផ្សែងបារីដល់អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា និងអនុញ្ញាតឲ្យធ្វើការដាក់តាំងផ្ទាំងប៉ាណូអប់រំជាសាធារណៈក្នុងខេត្ត៕