ទស្សនាវិដេអូ Highlight តាមរយៈទូរទស្សន៍ Fresh News ចាប់ពីម៉ោង១០៖៣០នាទី, ១១៖៣០នាទី, ១២៖៣០នាទី
(ម៉ូស្គូ)៖ ការប្រកួតម៉ោង៩យប់, ក្រុមបាល់ទាត់សាម៉ូរៃជប៉ុន បានកក់កៅអីឡើងទៅវគ្គ១ក្រុមនៃព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី បើទោះបីជាចាញ់ក្រុមអឺរ៉ុប ប៉ូឡូញ ១-០ ក៏ដោយ ដោយសារតែ សេណេហ្គាល់បានចាញ់កូឡុំប៊ី ១-០ ធ្លាក់មកឈរនៅលេខ៣ ប្រចាំពូល H។
៣ប្រកួតរបស់ក្រុមលេខ១ ប្រចាំទ្វីបអាស៊ី ជប៉ុន រកបាន៤ពិន្ទុ ឈរនៅលេខ២ក្នុងពូល H ស្មើនឹងក្រុមលេខ៣ សេណេហ្គាល់ តែជប៉ុន ទទួលបានការពិន័យកាតលឿង៤ តិចជាងសេណេហ្គាល់ ដែលទទួលបានកាតលឿង ៥ ក្នុង៣ប្រកួតដូចគ្នា។ ដូច្នេះ ជប៉ុន ដឹកដៃក្រុមមកពីតំបន់អមេរិកឡាទីន ឡើងទៅវគ្គ១៦ក្រុមដោយជោគជ័យ។
ជប៉ុន ជាក្រុមតែ១គត់ ក្នុងចំណោម៥ក្រុមដែលឡើងទៅលេង World Cup 2018 លើកទី២១ តំណងឲ្យទ្វីបអាស៊ី អាចឆ្លងផុតវគ្គជម្រុះសន្សំពិន្ទុក្នុងពូល ខណ:៤ក្រុមផ្សេងទៀតមានដូចជា អារ៉ាប៊ីសាអូឌីត អូស្រ្តាលី អ៊ីរ៉ង់ និងកូរ៉េខាងត្បូងសុទ្ធតែជ្រុះក្នុងពូលទាំងអស់។
ការប្រកួតម៉ោង១, ក្រុមបាល់ទាត់បិសាចក្រហមប៊ែលហ្ស៊ិក បានយកឈ្នះក្រុមនៅអឺរ៉ុបដូចគ្នា អង់គ្លេស ដោយលទ្ធផល ១-០ នៅថ្ងៃបិទវគ្គសន្សំពិន្ទុនៃពូល G ស្របពេលទុយនេស៊ី វាយបកឈ្នះប៉ាណាម៉ា ២-១ វិញនោះក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យប៊ែលហ្ស៊ិកលេង ៣ប្រកួតក្នុងពូលមិនចាញ់ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ក្នុងពូល គេចចេញមិនជួបក្រុមខ្លាំងកូឡុំប៊ី ដោយប៉ះជប៉ុនវិញនៅវគ្គ១៦ក្រុម ខណ:អង់គ្លេស ជួបកូឡុំប៊ីនោះ។
សូមបញ្ជាក់ថា វគ្គសន្សំពិន្ទុទាំង៨ពូល មាន៣២ប្រទេសនៅ World Cup ត្រូវបានបញ្ចប់ជាផ្លូវការហើយ និងសម្រាកនៅថ្ងៃទី២៩ ខែមិថុនា ១ថ្ងៃ មុនចាប់ផ្តើមប្រកួតវគ្គចាញ់ធ្លាក់នៅថ្ងៃទី៣០ ខែមិថុនាជាបន្ត៕