(ភ្នំពេញ)៖ វេលាម៉ោងប្រមាណ១៦៖៣០នាទីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បងស្រីម្នាក់ ជាអ្នកបើករម៉កម៉ូតូលក់បបរតាមផ្លូវ និងមានកូនតូចពីរនាក់ ជិះលើម៉ូតូតាមជាប់ជាមួយ ស្រាប់តែមកដល់មុខបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សំឡេងឈឺផ្សារបស់កូនតូចម្នាក់របស់គាត់ បានស្រែកបន្លឺឡើងស្ទើរស្លុតស្មារតី ព្រោះតែម្រាមជើងកុមារតូច បានចូលកាំម៉ូតូ ធ្វើឲ្យដាច់មេជើងម្ខាង។
ស្ថិតក្នុងស្ថានភាពកូនស្រែកឈឺផ្សា បានធ្វើឲ្យម្តាយភិតភ័យតក់ស្លុត ទឹកភ្នែកហូរចុះឥតដាច់ រហូតភ្ញាក់ផ្អើលដល់កម្លាំងត្រៀមប្រតិបត្តិការ (គ) អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញទៅជួយមើល រុំជើងឃាត់ឈាមក្មេងតូច និង បញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សី)ភ្លាមៗ បន្ទាប់មកនាំបន្តទៅមន្ទីរពេទ្យគន្ធបុប្ផា ដោយការយកចិត្តទុកដាក់បំផុត៕