(កំពង់ធំ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញសម្ពោធប្រគល់ផ្ទះ៤០ខ្នង បន្ថែមពីលើចំនួន២១ខ្នង ជូនដល់សហគមន៍អ្នកឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាអំណោយរបស់សប្បុរសជននៅរដ្ឋកាតា។
ផ្ទះគំរូ៤០ខ្នង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ជាជំនួយរបស់គ្រួសារ Hasan Abdul Al Khal ជនជាតិកាតា តាមរយៈសមាគមសម្របសម្របសម្រួល សង្គមប្រទេសគុយវ៉ែត សហការជាមួយអង្គការដៃគូរក្នុងស្រុក គឺសមាគមសប្បុរសធម៌ ដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលចំណាយថវិកា៣៧ម៉ឺនដុល្លាអាមេរិក ខណៈដែល២១ខ្នង ដែលសម្ពោធកាលពីខែមេសាកន្លងទៅនោះ ចំណាយថវិកា១៣២,០០០ដុល្លារផងដែរ។
លោក WAEL AL MURSI បានឲ្យដឹងថា មកដល់ពេលនេះសមាគម សង់ផ្ទះជូនជនក្រីក្រនៅកម្ពុជាសរុប បាន៩ភូមិគំរូ រួមជាមួយការសាងសង់ នៅលើដីលំនៅដ្ឋានក្នុងភូមិនានារបស់ប្រជាពលរដ្ឋ ដែលសរុបមកដល់ពេលនេះ មានចំនួន៦៩៦ខ្នងផ្ទះ គិតជាថវិក ៤,៩២៤,៥០០ដុល្លារ។
លោកបានថ្លែងអំណរគុណដល់ លោក អូស្មាន ហាស្សាន់ ដែលជាជានិច្ចការលតែងតែជ្រោមជ្រែង និងសម្រួលរាល់សកម្មភាពការងារមនុស្សធម៌របស់លោក បានប្រព្រឹត្តទៅបានរលូន ជាពិសេសលោកបានកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែចាត់តាំងតំណាង និងអនុញ្ញាតជូនថ្នាក់ដឹកនាំអញ្ជើញសម្ពោធសមិទ្ធផលរបស់អង្គការនៅទូទាំងប្រទេស។
បន្ទាប់ពីថ្លែងការកោតសរស់រដល់តំណាងម្ចាស់ជំនួយ លោក អូស្មាន ហាស្សាន់ បានរំលឹកអំពីសមិទ្ធផលនានាជាច្រើន ក្រោមជំនួយរបស់អង្គការ ជាពិសេសសមិទ្ធផលនានាជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនសហគមន៍ខ្មែរឥស្លាម ក៏ដូចជាសហគមន៍ជាតិទាំងមូល គឺវាមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ តែវាពិតជាបានកើតឡើងក្រោមការជ្រោមជ្រែង លះបង់ និងខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកបានរំលឹកដល់ប្រជាពលរដ្ឋឲ្យត្រៀមខ្លួន ជាពិសេសឯកសារពាក់ព័ន្ធ ដើម្បីទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាឱកាសពិសេសមួយ ដែលបងប្អូនចាំបាច់ត្រូវតែបំពេញកាតព្វកិច្ចនេះជាពលរដ្ឋ ដែលមានសិទ្ធិសេរីភាព ក្នុងការជ្រើសរើសមេដឹកនាំប្រទេស មេដឹកនាំ ដែលបានបានផ្តល់ភាពកក់ក្តៅ និងផ្តល់ជូនសមិទ្ធផលគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ និងជាអ្នកបានកសាងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្របវិស័យ។
លោក អូស្មាន ហាស្សាន់ ផ្តាំផ្ញើដល់ពលរដ្ឋដែលបានទទួលការឧបត្ថម្ភផ្ទះទាំងអស់ សូមបន្តរួមរស់នៅលើទ្រនឹមថ្មី ដែលមានរចនាសម្ព័ន្ធល្អ មានទាំងអាគារសិក្សា និងព្រះវិហារផងដែរ សូមជួយគ្នាចូលរួមថែរក្សាសមិទ្ធផលនេះ តកូនតចៅ និងថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ហើយត្រូវបួងសួងនូវកុសល្យផលបុណ្យ ដល់គ្រួសារសប្បុរសជនខាងលើ ដែលបានចំណាយថវិកាដ៏មានតម្លៃដោះស្រាយទុក្ខលំបាក។
សូមជម្រាបថា សមាគមក៏បានផ្តល់ម៉ូតូ ចំនួន១០គ្រឿង ជូនដល់គ្រួសារចំនួន១០ ក្នុងចំណោមអ្នកដែលទទួលបានផ្ទះ ដើម្បីយកទៅប្រើប្រាស់ ក្នុងការប្រកបរបរផ្គត់ផ្គង់គ្រួសារ ក្នុងនោះដែរប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ មកពីឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក៏បានទទួលអំណោយមួយចំនួន រួមមានអង្ករ១៥គីឡូ, មី១០កញ្ចប់, ស្ករស ១គីឡូ, ប្រេងឆា ១លីត្រ, សិស្សានុសិស្សា២០០នាក់ ម្នាក់ៗទទួលបានសៀវភៅ១ ប៊ិច១ ខ្មៅដៃ១ ជ័រលុប១, សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពង់ធំ ៨៦នាក់ ម្នាក់ៗទទួលថវិកា១ម៉ឺនរៀល កងកម្លាំងប្រដាប់អាវុធ២១នាក់ ក្នុងម្នាក់ៗ១ម៉ឺនរៀល៕