(ភ្នំពេញ)៖ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ជាថ្ងៃបិទចុងក្រោយហើយ នៃការបំបែឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ដោយក្រមាខ្មែរដែលត្រូវបានត្បាញរួចហើយនោះ មានប្រវែងលើសការកំណត់ទៅទៀត ដែលនេះពិតជាបង្ហាញនូវការសាមគ្គីគ្នាយ៉ាងរឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ។
ចាប់តាំងពីថ្ងៃបើកដំណើរការផ្លូវការ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរមក ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរជាច្រើន បានចូលរួមត្បាញក្រមាវែងជាងគេលើពិភពលោក នៅវាលព្រះមេរុ រាជធានីភ្នំពេញ ប្រកបដោយទឹកមុខញញឹមពេញចិត្តគ្រប់ៗគ្នា។ ជាមួយគ្នានោះ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនហ្គូល លោក ជា បូរ៉ា តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក៏បានអញ្ជើញចូលរួមត្បាញក្រមាវែងជាងគេលើពិភពលោកនេះផងដែរ។
កញ្ញា គង់ បញ្ញា ប្រធានបច្ចេកទេសត្បាញក្រមា បានឱ្យដឹងថា «មកទល់នឹងថ្ងៃនេះ ក្រឡាក្រហមលាយសដ៏ស្រស់ស្អាតមួយនេះ មានប្រវែងរហូតដល់ទៅជាង ១,១០០ម៉ែត្រហើយ។ ចំពោះការចូលរួមត្បាញនេះ គឺមានការចូលរួមពីប្រជាពលរដ្ឋ មន្ដ្រីរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ រួមទាំងភ្ញៀវអន្ដរជាតិផងដែរ ហើយសម្រាប់ការត្បាញនេះ គឺយើងបន្ដធ្វើរហូតដល់ថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ ហើយយើងនឹងលាតក្រមានេះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រារព្ធធ្វើនៅកោះពេជ្រ ដែលមានភ្ញៀវចូលរួមប្រមាណជាង២ម៉ឺននាក់ផងដែរ»។
ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេនៅលើពិភពលោក ប្រវែង១០០០ម៉ែត្រនេះ ធ្វើឡើងក្រោមប្រធានបទ «ជឿថាខ្ញុំធ្វើបាន ជឿថាយើងធ្វើបាន ជឿថាខ្មែរធ្វើបាន»។ ព្រឹត្តិការណ៍នេះ បង្កើតដោយយុវជនកម្ពុជាដឹកនាំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមចលនា «GOGO CAMBODIA»។ ព្រឹត្តិការណ៍ត្បាញក្រមាវែងជាងគេ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញក្រមាដោយសេរី ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ ដែលរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋចូលរួមត្បាញរាប់ម៉ឺននាក់ផងដែរ។
ក្រមា គឺជាអត្តសញ្ញាណជាតិខ្មែរ ជារបស់ប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ឋានៈ សង្គម និងសាសនា។ ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែស្គាល់ និងប្រើប្រាស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃ ហើយវាជារឿងរ៉ាវជីវិត និងប្រវត្តិសាស្ត្រនៃប្រជាជនខ្មែរ ដែលបានចារឹកជាប់នឹងសរសៃអំបោះនីមួយៗនៃក្រមា។
ការបង្កើតយុទ្ធនាការត្បាញក្រមាវែងជាងគេនេះ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ, បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ និងជំរុញឱ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។
សូមជម្រាបជូនថា ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃការត្បាញក្រមា ១,០០០ម៉ែត្រ បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ដែលក្រមាមួយនេះនឹងត្រូវពន្លាវាស់ដើម្បីប្រកាសលទ្ធផល នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។
អ្នករៀបចំការត្បាញក្រមា បានគូសបញ្ជាក់ថា សមិទ្ធផលដែលទទួលបាននេះមិនត្រឹមតែសម្រាប់បំបែកឯតទគ្គកម្មពិភពលោកនោះទេ តែវាមានអត្ថន័យ និងតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់ក្រមា ១,០០០ម៉ែត្រ គឺជាស្នាដៃមួយដែលកើតចេញពីការរួបរួមគ្នារបស់ប្រជាជនខ្មែរគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ ដែលបានចូលរួមត្បាញ១សរសៃៗ ដោយភាពអត់ធ្មត់ ស្នាមញញឹមពោរពេញទៅដោយទឹកចិត្តក្នុងស្មារតីរួមគ្នា ជឿថាខ្មែរធ្វើបាន៕