(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី សហការគ្នាជាមួយក្រុមគ្រូពេទ្យជំនាញមកពីខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ប្រមាណជិត១០០នាក់ បន្តចុះពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៨៣៦នាក់ នៅវត្តក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នៅក្នុងពិធីព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកឧដុង្គនេះ មានការចូលរួមពីលោក លី សុន, លោក នាក់ សើគីរីន ប្រធានក្រុមការងារងារថ្នាក់កណ្ដាលចុះជួយឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី រួមនឹងតំណាងរដ្ឋាភិបាលចិនផងដែរ។
ការងារសប្បុរសធម៌រវាងក្រុមគ្រូពេទ្យស័គ្រចិត្ត លោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យជំនាញមកពីខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅ៣រាជធានី-ខេត្តរួចមកហើយ រួមមាន៖ រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តកពង់ស្ពឺ ហើយកិច្ចសហការដ៏ល្អមួយនេះ ធ្វើឡើងចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះហើយនេះជាឆ្នាំទី៥ផងដែរ។
លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យមកពីខេត្តជាំងស៊ូ ប្រទេសចិន ក្នុងការយកចិត្តទុកដាក់ ចុះជួយព្យាបាលជូនប្រជាពលរដ្ឋ សរុបទាំង៣រាជធានីខេត្តរួមមាន៖ រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តកពង់ស្ពឺនេះ។
ក្រៅពីនេះលោកក៏បានលើកឡើងពីមិត្តភាពចិន និងកម្ពុជា ដែលជាមិត្តច្រើនឆ្នាំនឹងគ្នា ហើយមិត្តចិន គឺតែងតែជួយដល់កម្ពុជាជានិច្ច តាំងពីជំនាន់អតីតព្រះមហាក្សត្រ សម្តេចព្រះបរមរតនកោដ្ឋ សម្តេច ព្រះបាទ នរោត្តម សីហនុ រហូតទល់នឹងពេលសព្វថ្ងៃ ក៏នៅតែស្អិតរមួតជាពិសេសនោះគឺ សម័យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន។
លោកក៏សង្ឃឹមថាផងដែរថា កិច្ចសហប្រតិបត្តិការមួយនេះ នឹងគង់វង្សជាអមតៈ សម្រាប់ប្រទេសជាតិទាំងពីរ។
ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
សូមបញ្ជាក់ថារយៈពេល៦៦ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ ចុះពិនិត្យនិងព្យាលបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៥៤លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបាន ចំនួន៣២៩,៣៧១(សាមសិបពីរម៉ឺន ប្រាំបួនពាន់ បីរយចិតសិបមួយ)៕