(ព្រុចសែល, បែលហ្ស៊ិក)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់នាវាល្បាតពីរគ្រឿងដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទំនិញរត់ពន្ធនៅលើលំហសមុទ្រ។ ពិធីចុះហត្ថលេខាផ្តល់ និងទទួលនាវាល្បាតទាំងពីរគ្រឿងនេះ ត្រូវបានធ្វើឡើងរវាងអគ្គនាយកគយជប៉ុន លោក Iizuka Atsuhi និងលោក បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្នុងពេលដែលលោកបណ្ឌិត គុណ ញឹម ដឹកនាំគណៈប្រតិភូគយ និងរដ្ឋាករកម្ពុជា ចូលរួមសន្និបាតប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសហប្រតបត្តិការគយ នៅការិយាល័យលេខាធិការដ្ឋាននៃអង្គការគយពិភពលោកនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។

បើតាមព័ត៌មានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការអនុវត្តនីតិវិធីផ្ទេរ និងទទួលនាវាល្បាតគយទាំងពីរគ្រឿង ធ្វើឡើងស្របតាមខ្លឹមសារលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាដោយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុ៩ជា និងលោក តារ៉ូ កូណូ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។

ព័ត៌មានបានបន្ថែមថា អនុស្សរណៈនៃការអនុវត្ត (Memorandom of Implementation) នោះ សំដៅការអនុវត្តនីតិវិធីលម្អិតក្នុងការរៀបចំប្រគល់ និងទទួលនាវាល្បាតចំនួនពីរគ្រឿង រួមមានការបំពាក់នូវប្រព័ន្ធនិងឧបករណ៍ចាំបាច់, ការលាបព៌ណនិងដាក់ស្លាកសញ្ញាគយកម្ពុជា, ការបណ្តុះបណ្តាលបច្ចេកទេសបញ្ជា និងថែទាំនាវាដល់មន្រ្តីនៃការិយាល័យនាវាចរគយ, ការដឹកជញ្ជូន និងការប្រគល់-ទទួលនាវាល្បាតគយទាំងពីរគ្រឿង ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) លោកបណ្ឌិត គុណ ញឹម បានឲ្យដឹងថា នាវាល្បាតគយទាំងពីរគ្រឿងនេះនឹងដើរតួនាទីយ៉ាងសំខាន់ដល់ការពង្រឹងសមត្ថភាពការិយាល័យនាវាចរគយក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធនៅភូមិសាស្ត្រសមុទ្រ និងតំបន់ឆ្នេរ ហើយការបង្ក្រាបអំពើរត់ពន្ធនេះនឹងផ្ដល់លទ្ធភាពឲ្យគយកម្ពុជាប្រមូលពន្ធ និងអាករចូលថវិកាជាតិកាន់តែល្អប្រសើរផង និងម្យ៉ាងទៀតក៏បង្កបរិយាកាសឲ្យការប្រកួតប្រជែងពាណិជ្ជកម្មលើទីផ្សារកម្ពុជាមានសមភាពផង។

អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបង្ហើបឲ្យដឹងដែរថា យោងតាមនីតិវិធីអនុវត្តដែលបានចុះហត្ថលេខានេះ នាវាល្បាតគយទាំងពីរគ្រឿងនោះ អាចនឹងដឹកជញ្ជូនមកដល់កម្ពុជានៅចុងខែតុលា ឆ្នាំ២០១៨នេះ។

លោក គុណ ញឹម បានថ្លែងអំណរគុណដល់រដ្ឋបាលគយជប៉ុន និងរដ្ឋាភិបាលជប៉ុន ដែលបាននិងបន្តផ្ដល់ចំនួយបច្ចេកទេសជាបន្តបន្ទាប់ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្រនិងកម្មវិធីការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា៕

ខាងក្រោមជារបាយការណ៍លំអិតស្តីពីនាវាល្បាតទាំងពីរគ្រឿង៖