(ភ្នំពេញ)៖​ មន្ត្រីនៃក្រសួងរៀបចំដែនដីដែលស្រវឹងស្រាជោគ​ បើករថយន្តទៅបុករថយន្តអ្នកដ៏ទៃពីក្រោយ ហើយបើករត់ ពេលសមត្ថកិច្ចប្រដេញឃាត់បានក៏ដកកាំភ្លើងគំរាមសមត្ថកិច្ចកាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅនោះ ឥឡូវត្រូវបានចៅក្រមសំរេចធ្វើការដោះលែងដោយមិនឃុំខ្លួននោះទេ ដែលករណីសំរេចមិនឃុំខ្លួននេះ បានធ្វើអោយមានការរិះគន់ផងដែរ ព្រោះគ្រាន់តែទោសបើកបរទាំងស្រវឹងដែលមានកំរិតជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុង១លីត្រខ្យល់ឡើងទៅ ក៏ត្រូវមានទោសជាប់ពន្ធនាគារពី៦ថ្ងៃទៅ៦ខែ ឬនិងពិន័យជាប្រាក់ពី២៥.០០០រៀលទៅ១លានរៀលដែរ នេះមិនទាន់គិតពីការប្រើប្រាស់អាវុធគំរាម

ទៅលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចនៅឡើយទេ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង មន្ត្រីក្រសួងដែនដីរូបនេះ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

លោក កុល បុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News អោយដឹងថា ក្រោយបើកការស៊ើបសួរ លោកបានសម្រេចចោទប្រកាន់ លើឈ្មោះ ម៉ៅ ច័ន្ទរស្មី ភេទប្រុស មាន តួនាទីជា អនុប្រធាននាយកដ្ឋាន បច្ចេកទេស និង អភិវឌ្ឍលំនៅឋាន ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ពីបទ គំរាមកំហែង និងបទបើកបរក្រោមស្ថានភាពស្រវឹង។

ដោយឡែងសមត្ថកិច្ចបានបង្ហើបថា ពាក់ព័ន្ធនឹងរឿងអាវុធខ្លីដែលជនត្រូវចោទ ឈ្មោះ ម៉ៅ ច័ន្ទរស្មី យកទៅគំរាមកំហែង នគរបាលខណ្ឌចំការមននោះ គឺមិនត្រូវបានតំណាងអយ្យការចោទប្រកាន់នោះទេ។

សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យខាងលើ កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីឈ្មោះ ម៉ៅ ច័ន្ទរស្មី ស្រវឹងស្រា និងបើករថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ ស ពាក់ស្លាក លេខ ភ្នំពេញ 2AF-9766 ទៅបុករថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-1914 របស់ជនរងគ្រោះឈ្មោះ ហ៊ុន សំ សែនឧត្ដម ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍គ្រោះថ្នាក់ចរណ៍នេះ កើតឡើង នៅចំណុចមុខសាលាវិទ្យាល័យផ្សារដើមថ្កូវ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

ក្រោយបង្ករួចជនសង្ស័យ បានព្យាយាមបើករថយន្តរត់គេច ប៉ុន្តែត្រូវសមត្ថកិច្ចតាមចាប់ ពេលនោះជនសង្ស័យ បានដកកាំភ្លើងម៉ាក ប៉េរឺតា ភ្ជង់ គំរាមសមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕