(ក្រចេះ)៖ ប្រជាពលរដ្ឋនៅលើកោះទ្រង់សឹងគ្រប់គ្នា តែងនិយមដាំក្រូចធ្លុងនៅក្នុងបរិវេណផ្ទះរបស់ខ្លួនពេញដេរដាស ព្រោះតែក្រូចធ្លុងលើដីកោះដ៏មានជីវជាតិនេះ ផ្អែមឆ្ងាញប្លែកពីក្រូចធ្លុងដែលដាំនៅកន្លែងដទៃ ភ្ញៀវទេសចរនិយមចូលចិត្តច្រើន ប៉ុន្តែបើតាមការត្អូញត្អែររបស់អាជីវករ តម្លៃក្រូចធ្លុងនៅទីនោះរាងខ្ពស់បន្តិច។
នេះជាផលិតផលទេសចរណ៍ថ្មីមួយទៀត ដែលក្រុមបេសកកម្ម «មែកសឺដេស និងអាថ៌កំបាំង» បានគាស់កកាយរកឃើញនៅលើទឹកដីកោះទ្រង់។ កោះទ្រង់ ជាកោះមួយនៅកណ្ដាលទន្លេមេគង្គលើ ស្ថិតនៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។ នៅលើកោះនេះមានភូមិចំនួន២ភូមិ គឺភូមិក្បាលកោះ និងភូមិចុងកោះ។
ក្នុងកិច្ចសម្ភាសជាមួយក្រុមការងារ «មែកសឺដេស និងអាថ៌កំបាំង» ប្រជាពលរដ្ឋនៅលើកោះបានឱ្យដឹងថា ការដាំដុះក្រូចធ្លុងនៅលើកោះទ្រង់នេះ ភាគច្រើនធ្វើតាមរបៀបបំបៅ បន្ទាប់ពីបំបៅបានពី ២-៣ខែ គេយកវាទៅផ្សាំ រួចហើយគេយកមែកផ្សាំនោះទៅដាំ។ លុះបានរយៈពេលពី ៤-៥ឆ្នាំក្រោយ ទើបក្រូចចេញផ្លែផ្កា។
ក្រូចធ្លុងដែលដាំនៅទីនោះ មានរសជាតិផ្អែមឆ្ងាញ់ សាច់ទន់ល្មើយ សំបកក៏មិនជាក្រាស់ប៉ុន្មានឡើយ ចំណែកដើមមានកម្ពស់ជាមធ្យមប្រមាណ ៣ម៉ែត្រ។ ប្រជាពលរដ្ឋនៅទីនោះប្រាប់ថា ក្នុងមួយដើមៗអាចមានផ្លែរហូតដល់ ១០០ផ្លែឯណោះ។
ពលរដ្ឋដដែលបានបញ្ជាក់ទៀតថា ការលក់ក្រូចធ្លុងកោះទ្រង់នេះ ក្នុងមួយផ្លែគេលក់ពី ១០,០០០-១៤,០០០រៀល។ ជាមួយគ្នានេះដែរ អាជីវករដែលយកក្រូចធ្លុងកោះទ្រង់មកលក់បន្ត ក៏បានបង្ហាញការត្អូញត្អែរចំពោះតម្លៃក្រូចនេះផងដែរ ដោយគាត់បានបញ្ជាក់ថា ភ្ញៀវភាគច្រើនចូលចិត្តទទួលទានក្រូចនេះណាស់ ប៉ុន្តែនៅពេលដឹងពីតម្លៃលក់ក្រូចធ្លុងកោះទ្រង់ ភ្ញៀវហាក់បង្ហាញអារម្មណ៍សុញសាញមិនចង់ទិញទៅវិញ។
សូមទស្សនាកិច្ចសម្ភាសរវាងក្រុមការងារមែកសឺដេស និងអាថ៌កំបាំង ជាមួយប្រជាពលរដ្ឋអ្នកដាំក្រូចធ្លុងលើកោះទ្រង់៖