(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៨៧គ្រួសារ រស់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ តាមរយៈភ្នាក់ងារសារព័ត៌មាន Fresh News បានប្ដេជ្ញាចិត្តទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្រោយទទួលបានការចុះបញ្ជីក្បាលដី កាន់កាប់អចលនទ្រព្យស្របច្បាប់ពីថ្នាក់ដឹកនាំ។
ពួកគាត់ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ, លោក ប៊ុន ឡុង ប្រធានការិយាល័យភូមិបាលសុរិយោដីខណ្ឌ, និងលោក មូល វិរៈ ចៅសង្កាត់រងឬស្សីកែវ ដែលជាថ្នាក់ដឹកនាំ «គណបក្សប្រជាជនកម្ពុជា» ដែលបានខិតខំប្រឹងប្រែងក្នុងការចុះវាស់វែង និងចុះបញ្ជីសម្រង់ទិន្នន័យបំបែកក្បាលដី ផ្ដល់បណ្ណកម្មសិទ្ធិជូនពួកគាត់ឲ្យមានភាពងាយស្រួលកាន់កាប់អចលនទ្រព្យ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំង៨៧គ្រួសារនោះ បានប្ដេជ្ញាចិត្ត នឹងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្ដដាខាងមុខនេះជូន «គណបក្សប្រជាជនកម្ពុជា» ដែលមានលេខរៀងទី២០ ជាលេខរៀងចុងក្រោយគេ មានរូបស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា «ទេវតាបាចផ្កា» ជាផ្លាកសញ្ញាសម្គាល់ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវសន្តិភាព និងការអភិវឌ្ឍបន្តទៀត៕