(ភ្នំពេញ)៖ បុរសម្នាក់មិនគិតការងាររកស៊ីនោះទេ គិតតែពីដើរសេពគ្រឿងញៀនរហូតស្រវឹង និងញៀនស្ទើរតែបែកថ្នាំទៀតផង ហើយដោយសារតែនិយាយលែងស្ដាប់គ្នា បានស្រ្តីជាប្រពន្ធក៏បានសម្រេចចិត្ត យកទៅដាក់មណ្ឌល និងលែងលះចោលតែម្ដង។
ក្រោយមកប្រពន្ធ បានយកប្ដីថ្មីម្នាក់ទៀត ចំណែកបុរសនោះ បន្ទាប់ពីជាប់នៅក្នុងមណ្ឌលកែប្រែ មួយរយៈពេលក៏ចេញមកវិញ ហើយទើបតែចេញបានរយៈពេល១អាទិត្យតែប៉ុណ្ណោះ។ ហើយពេលបានដឹងថា ប្រពន្ធយកប្ដីទៀត ក៏កើតចិត្តខឹង និងប្រច័ណ្ឌ ក៏បានរករឿងព្រមទាំងទាញកាំបិតដេញកាប់ បណ្ដាលឲ្យប្ដីក្រោយរបស់ប្រពន្ធរងរបួស រយៈក្បាលយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង០៩៖៣០នាទី នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនដៃដល់ ដែលជាប្ដីទី១ មិនត្រូវបានស្គាល់ឈ្មោះទេ ចំណែកស្ត្រីជាប្រពន្ធ និងប្ដីក្រោយ ក៏មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណដែរ។ ហើយភ្លាមៗនោះ នាំគ្នាទៅព្យាបាលរបួសបាត់ រហូតដល់វេលាល្ងាចថ្ងៃដដែល ទៅហើយមិនទាន់ឃើញ ទៅដាក់ពាក្យបណ្ដឹងនៅឡើយ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា ស្ត្រីខាងលើ មានប្ដី២នាក់ ដោយមិនបានរៀបការដូចគ្នា ហើយប្ដីទី១៖ មិនគិតការងាររកស៊ីឡើយ គិតតែពីដើរសេពគ្រឿងញៀន រហូតញៀនយ៉ាងងប់ងុល។ ចំណែករូបនាង បានសុំឲ្យកែខ្លួន ប៉ុន្តែប្ដីមិនព្រមស្ដាប់សោះទើបចុងក្រោយ នាងនាំទៅដាក់មណ្ឌលកែប្រែគ្រឿងញៀន ហើយក៏សម្រេចចិត្តលែងលះ ប្ដីនោះចោលតែម្ដង ហើយមួយរយៈពេលក្រោយមក ក៏បានយកប្ដីទី២ម្នាក់ទៀត។
ចំណែកប្ដីទី១៖ ក្រោយពេលជាប់នៅមណ្ឌលកែប្រែ មួយរយៈទើបចេញ កាលពី១អាទិត្យមុនប៉ុណ្ណោះ លុះពេលបានដឹងថា ប្រពន្ធយកប្ដីទៀត ក៏កើតចិត្តខឹង និងប្រច័ណ្ឌ ហើយក៏រករឿង ព្រមទាំងទាញកាំបិត ដេញកាប់បណ្ដាលឲ្យប្ដីក្រោយ របស់ប្រពន្ធរងរបួសរយៈក្បាលយ៉ាងធ្ងន់ធ្ងរ។
បន្ទាប់មកបានគេចខ្លួនបាត់ ហើយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ក៏បានចេញទៅអន្តរាគមន៍ដែរ ប៉ុន្តែពេលទៅដល់ជននោះ បានគេចខ្លួនបាត់ទៅហើយ។ ទើបឲ្យប្រពន្ធ និងប្ដីក្រោយទៅព្យាបាលរបួសសិន ចាំដាក់ពាក្យបណ្ដឹងជាក្រោយ ក៏ស្រាប់តែទៅបាត់រហូត មិនឃើញត្រឡប់ទៅប្ដឹងវិញឡើយ៕