(ឡាវ)៖ តំណាងអាជ្ញាធរជាតិអាវុធគីមីកម្ពុជា និងតំណាងមកពីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១នេះ បានចូលរួមសិក្ខាសាលាអន្តរជាតិមួយ ស្តីពីសមត្ថភាពគ្រប់គ្រងហានិភ័យជីវសាស្រ្ត ដែលធ្វើឡើងនៅទីក្រុងវៀតច័ន្ទ ប្រទេសឡាវ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០១៨។
សិក្ខាសាលាអន្តរជាតិនេះ រៀបចំឡើងក្រោមគម្រោងលេខ៤៦ នៃមជ្ឈមណ្ឌលឧត្តមភាពសហភាពអឺរ៉ុប ដែលមានតំណាងមកពីប្រទេសមួយចំនួនចូលរួម ក្នុងនោះមាន កម្ពុជា វៀតណាម ឡាវ ព្រុយណេ មីយាន់ម៉ា ពីលីពីន និងប្រតិភូអឺរ៉ុបប្រចាំនៅឡាវផងដែរ។
ឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមី ជាគ្រូបង្គោលម្នាក់ ដែលចូលរួមក្នុងសិក្ខសាលាខាងលើនេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សិក្ខាសាលានេះ មានសារសំខាន់ណាស់សម្រាប់ការងារទប់ស្កាត់ហានិភ័យគីមីនៅក្នុងប្រទេសកម្ពុជា ដូចជាការត្រួតពិនិត្យទំនិញតាមព្រំដែន ការនាំចេញនាំចូលសម្ភារៈជីវសាស្រ្តក្នុងតំបន់ និន្នាការថ្មីៗក្នុងការគ្រប់គ្រងហានិភ័យជីវសាស្រ្ត ធ្វើសៀវភៅណែនាំស្តីពីជីវសុវត្ថិភាពក្នុងមន្ទីរពិសោធន៍ជាដើម។
លោកស្រី បានបញ្ជាក់ថា ចំណុចមួយទៀត ក្នុងសិក្ខាសាលាខាងលើនេះ ក៏មានផងដែរនូវការពិភាក្សាស្វែងរកកង្វះខាតនានាដែលទាក់ទងនឹងគ្រឿងបរិក្ខា និងឧបករណ៍ទប់ស្កាត់ នៅតំបន់អាស៊ាន ក៏ដូចជាកង្វះខាតសមត្ថភាព ជំនួយបច្ចេកទេស ការគ្រប់គ្រងហានិភ័យ ការអនុវត្តទាក់ទងនឹងជីវសាស្រ្ត នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងប្រទេសតំបន់អាស៊ីផងដែរ។
លោកស្រី បានបញ្ជាក់ទៀតថា គោលបំណងនៃសិក្ខាសាលានេះគឺ សម្រាប់វាយតម្លៃហានិភ័យ នៃការដឹកជញ្ជូន និងការគ្រប់គ្រងកាកសំណល់ជីវសាស្ត្រ ក៏ដូចជាវាយតម្លៃសមត្ថភាពឆ្លើយតបទៅនឹងការផ្ទះឡើងនូវជំងឺ រាតត្បាតផ្សេងៗជាដើម៕