(ប៉ៃលិន)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន លោក តូច សុភក្ដី កាលពីម្សិលមិញ បានសម្រេចដាក់ពាក្យបណ្ដឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីប្ដឹងលោក លាង សួគ៌ ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តប៉ៃលិន ពាំក់ព័ន្ធនឹងករណីដោះលែងជនសង្ស័យបើកកន្លែងភ្នាល់បាល់ នៅក្រុងប៉ៃលិន ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបានយ៉ាងលំបាក កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ។
លោក តូច សុភក្ដី បានថ្លែងប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា «យើងប្តឹងឧទ្ធរណ៍លើដីកាសម្រេចមិនឃុំខ្លួន ករណីល្បែង ដោយមូលហេតុការស៊ើបសួរ មិនទាន់រីកចម្រើន ដើម្បីឈាន់ទៅចាប់មេខ្លោង។ ជនសង្ស័យមិនមានទីលំនៅច្បាស់លាស់ អាចនឹងគេចខ្លួន ហើយការបើកល្បែងនាំឲ្យមានអសន្តិសុខសង្គម កើតមានចោរកម្ម ឆក់ ប្លន់ជាដើម»។
សូមជម្រាបថា កម្លាំងអាវុធហត្ថខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នោះ បានចុះបង្រ្កាបទីតាំងភ្នាល់បាល់ខុសច្បាប់១កន្លែង នៅភូមិវត្ត សង្កាត់បៃលិន ក្រុងប៉ៃលិន ដោយដកហូតវត្ថុតាងមួយចំនួន និងឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នកមើលការខុសត្រូវនៅទីនោះ។
តាមការអះអាងរបស់ មន្រ្តីដែលចូលរួម ក្នុងប្រតិបត្តិការខាងលើ បានឱ្យដឹងថា ជនសង្ស័យជាមេការមើលការខុសត្រូវទីតាំងភ្នាល់បាល់ខុសច្បាប់ខាងលើនេះ មានឈ្មោះ ទូច ពុធរស្មី អាយុ២១ឆ្នាំ។ ចំណែកវត្ថុតាង ដែលកម្លាំងអាវុធហត្ថដកហូតបាននោះរួមមាន បុងកត់បាល់មួយចំនួន កុំព្យូរទ័រ៦គ្រឿង ប្រាក់៤លានរៀល និងប្រាក់ដុល្លារចំនួន២០០ដុល្លារផងដែរ។
ក្រោយបង្ក្រាបបទល្មើសនេះរួច កម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿងទៅកាន់ អយ្យការអមសាលាដំបូងខេត្តបៃលិន ហើយតំណាងអយ្យការ ក៏បានចោទប្រកាន់ ឈ្មោះ ទូច ពុធរស្មី និងម្នាក់ទៀតមានឈ្មោះ វ័រ ដែលរស់នៅបាត់ដំបង ពីបទបើកល្បែងស៊ីសង តាមមាត្រា៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។ បទនេះប្រឈមនឹងការជាប់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យប្រាក់ពី ៥លានដល់២០លានរៀល។ ក្រោយពេលចោទប្រកាន់រួច តំណាងអយ្យការបានបញ្ជូនបានជនសង្ស័យទៅកាន់ចៅក្រមស៊ើបសួរ គឺលោក លាង សួគ៍ ដែលមានតួនាទីជាប្រធានតុលាការខេត្តប៉ៃលិនផងដែរ។
មន្រ្តីដែលចូលរួម ក្នុងប្រតិបត្តិការខាងលើ បានបញ្ជាក់ថា យ៉ាងណាម៉ិញ បន្ទាប់ពីបញ្ជូនទៅដល់ចៅក្រមស៊ើបសួរនោះ លោក លាង សួគ៍ បានសម្រេចមិនឃុំខ្លួន ជនសង្ស័យនោះទេ ហើយជនសង្ស័យពេលនេះ ដើរហើរយ៉ាងសប្បាយរីករាយ ហាក់បញ្ឈឺដល់កម្លាំង ដែលចំណាយពេលវេលាចុះបង្រ្កាប ថែមទៀតផង៕