(រតនគិរី)៖ ក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យលើស្ថានភាពបក្សនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី លោក ថង សាវុន បានថ្លែងថា ក្នុងនាមជាពលរដ្ឋខ្មែរ ត្រូវដង្ហែតាមព្រះរាជសាររបស់ព្រះករុណាជីវិតតម្កល់លើត្បូង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នានាថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ លោក ថង សាវុន បន្តថា ការបោះឆ្នោតនេះជាកាតព្វកិច្ច និងសិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដែលមានរយៈពេល ០៤ឆ្នាំម្តងនោះ។
លោកបន្តថា «យើងបានឆ្លងផុតពីដំណាក់កាលសង្គ្រាមរាំរ៉ៃ ក្រោមគុណបំណាច់របស់បុព្វបុរសយើង មានមាតា បិតា សាច់ញាតិ បងប្អូនយើង បានលះបង់នូវឈាមស្រស់សាច់ស្រស់ រំដោះប្រទេសចេញពីភ្លើងសង្គ្រាមដែលយើងគ្រប់គ្នាខំបន់ស្រន់ឲ្យរួចផុត។ ឥលូវនេះយើងបានផុតទុក្ខ យើងបានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត លើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ពលរដ្ឋ និងខិតខំកសាងអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ គឺសុទ្ធតែជាការចូលរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការចូលរួមបោះឆ្នោតគ្រប់អាណត្តិកន្លងមក ហើយបងប្អូនបានសម្រេចិត្តដ៏ត្រឹមត្រូវគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលរួមរស់ជាមួយបងប្អូនចាប់តាំងពីសម័យសង្ក្រាមរហូតដល់បច្ចុប្បន្ននេះ»។
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ក៏បានអំពាវនាវកុំឲ្យជឿនូវការញុះញុង់ រារាំងមិនឲ្យមានការបោះឆ្នោត ឬរារាំងបងប្អូនមិនឲ្យចេញទៅបោះឆ្នោត ពីជនអគតិមួយចំនួន។ ជាពិសេសត្រកូលអ្នកក្បត់ជាតិ ប្រសិនមានករណីនេះ ជនដែលរារាំងនឹងត្រូវមានទោសតាមមាត្រានៃច្បាប់បានកំណត់។
លោកបន្ថែមថា ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជាឲ្យបានកាន់តែរឹងមាំរាជរដ្ឋាភិបាលបានខិតខំពុះពារធ្វើយ៉ាងណាឲ្យមានការបោះឆ្នោតមួយដ៏ត្រឹមត្រូវ ប៉ុន្តែអ្នកនយោបាយដែលមិនគោរពឆន្ទៈរាស្ត្រតែងតែមិនទទួលស្គាល់នូវលទ្ធផលបោះឆ្នោត មិនតែប៉ុណ្ណោះបានបំផ្លិចបំផ្លាញសមិទ្ធិផលជាតិ បំផ្លាញដំណើការលទ្ធិប្រជាធិបតេយ្យថែមទៀត។
លោក ក៏បានអំពាវនាវឲ្យសមាជិកបក្សប្រជាជនទាំងអស់បន្តធ្វើអំពើល្អឲ្យច្រើនឡើងថែមទៀត និងខិតខំជំរុញប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីអនាគាតរបស់ជាតិ និងជាសក្ខីភាពនៃការដង្ហែតាមព្រះរាជសារដ៏ឧត្តុងឧត្តម នៃព្រះករុណាជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕