(ឧត្តរមានជ័យ)៖ តំបន់ប្រតិបតិ្តការសឹករងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកម្លាំងអន្តរាគមន៍ពិសេសតំបន់ប្រតិបត្តិសឹករងខេត្ត យោធភូមិភាគទី៤ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងលោកឧត្តមសេនីយ៍ទោសុក រិនណា មេបញ្ជាការរងយោធភូមិភាគទី៤ ដែលពិធីនេះប្រព្រឹត្តិទៅនៅវរសេនាតូចថ្មើជើងលេខ២ តំបន់ប្រតិបត្តិការសឹករងខេត្ត។
ក្នុងឱកាសនោះ លោកអភិបាលខេត្តឧត្តរមានជ័យ បានក្រើនរំលឹកដល់នាយទាហានជាកម្មសិក្សាទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ លើកកម្ពស់មនសិការស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់នូវលក្ខន្ដិកៈរបស់ ខ.ភ.ម. ត្រូវយកអស់ស្មារតីកម្លាំងកាយចិត្ដ ខិតខំក្រេបជញ្ជក់នូវរាល់ខ្លឹមសារមេរៀន ចំណេះដឹង ចំណេះធ្វើ ដែលត្រូវបង្ហាត់បង្រៀន និងឈ្វេងយល់រាល់បទពិសោធន៍ ដើម្បីបង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួន។
ជាមួយគ្នានេះ លោកស ថាវី បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងយកចិត្ដទុកដាក់ចំពោះនាយទាហាន យោធាចារ្យ និងកម្មសិក្សាការីទាំងអស់ ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមទាំងវាយតម្លៃចំពោះលទ្ធផលស្នាដៃរបស់កម្លាំងវិស្វកម្ម ដែលសម្រេចបាននាពេលកន្លងមក ក្នុងបុព្វហេតុកសាងស្ដារ និងអភិវឌ្ឍន៍ប្រទេស។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ សុក រិនណា បានថ្លែងថា នេះជាការបោះជំហានទៅមុខបន្ថែមទៀតក្នុងអង្គភាព ដែលបានជំរុញការហ្វឹកហាត់យុទ្ធវិធីបំប៉នជំនាញបន្ថែមនៅក្នុងអង្គភាពរបស់ខ្លួនឯង ដោយគ្រាន់តែសុំយកគ្រូបណ្តុះបណ្តាលមកពីថ្នាក់លើដែលមានជំនាញបទពិសោធន៍ច្បាស់លាស់។
លោកសូមគ្រប់កងកម្លាំងទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការយកទៅអនុវត្តន៍តាមកងរបស់អង្គភាពនីមួយៗ ជាបន្តទៅទៀត សំខាន់គោរពវិន័យកងទ័ព រួមសហការ ការពារសុខសន្តិភាព ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះគ្រប់ប្រការដែលកើតមានឡើង ហើយកុំភ្លេចនាំគ្នាទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចមួយទៀត ដែលខ្លួនយើងជាប្រជាជនខ្មែរម្នាក់ បានកសាងដើម្បីភាពរុងរឿងរបស់ប្រទេសកម្ពុជាទាំងអស់គ្នា៕