(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសទទួលស្គាល់ជាផ្លូវការ លើកម្មវិធីបណ្តុះបណ្តាលជំនាញ «វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ និង វិជ្ជាជីវៈវាយតម្លៃអចលនវត្ថុ» ដែលសហការរៀបចំដោយ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
ដោយមានគាំទ្រពីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើទិដ្ឋភាពបច្ចេកទេស និងបទដ្ឋានគតិយុត្តិទាក់ទង នឹងវិស័យអចលនៈវត្ថុ ព្រមទាំងកិច្ចសហការយ៉ាងជិតស្និទ រវាងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា សាកលវិទ្យាល័យ បានរៀបចំជាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយមានការទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើមុខជំនាញចំនួន២ គឺជំនាញ «វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ និង វិជ្ជាជីវៈវាយតម្លៃអចលនវត្ថុ»។
ពិធីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និស្សិត ភ្នាក់ងារអចលនវត្ថុ ថ្នាក់ដឹកនាំ សមាជិកសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបទៀត។
ដើម្បីបង្ហាញឆន្ទៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការគាំទ្របង្កើត និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអចលនវត្ថុនៅកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ជាសេនាធិការ តែងតែបានបង្កលក្ខណៈងាយស្រួល និងប្រាកដនិយមដល់ផ្នែកពាក់ព័ន្ធ ពិសេសគ្រឹះស្ថានសិក្សា ក្នុងការបង្កើតនូវកម្មវិធីបណ្តុះបណ្តាល លើមុខជំនាញពាក់ព័ន្ធវិស័យអចលនវត្ថុនៅកម្ពុជា។
ជាក់ស្តែងក្នុងពេលកន្លងមក មុននឹងឈានដល់ការទទួលស្គាល់ និងដាក់ឲ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាល របស់សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលនេះ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ បានខិតខំ អស់ពីកម្លាំងកាយចិត្ត និងបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ ជាមួយសាកលវិទ្យាល័យ និង សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា តាមរយៈការត្រួតពិនិត្យវាយតម្លៃ និង ផ្តល់ធាតុចូលបន្ថែមចាំបាច់ ដើម្បីធានាថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ នឹងប្រព្រឹត្តទៅដោយរលូន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ។
គួររំលឹកផងដែរថា កម្មវិធីបបណ្តុះបណ្តាលជំនាញ «វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ និង វិជ្ជាជីវៈវាយតម្លៃអចលនវត្ថុ» ដែលប្រកាសទទួលស្គាល់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលនេះ នឹងផ្តល់លទ្ធភាព ឲ្យសិក្ខាកាមប្រឡងយកវិញ្ញាបនបត្រវិជ្ជាជីវៈអចលនវត្ថុ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសិក្ខាកាមអាចយកទៅប្រកបអាជីព ពាក់ព័ន្ធនឹងវិស័យអចលនវត្ថុនៅកម្ពុជាដោយស្របច្បាប់។
ទន្ទឹមនឹងនេះ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានគិតគូរអំពីកម្មវិធីបណ្តុះបណ្តាលបន្ត កម្រិតវិញ្ញាបនបត្រ និង កម្រិតសញ្ញាបត្រ សម្រាប់សិក្ខាកាមដែលបានរៀនចប់វគ្គបណ្តុះបណ្តាលជំនាញទាំង ២ ខាងលើនៅខាងមុខផងដែរ ។
ក្នុងន័យនេះ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំ និងការប្រព្រឹត្តទៅនៃវគ្គបណ្តុះបណ្តាលសំខាន់ៗ ពាក់ព័ន្ធវិស័យអចលនវត្ថុនៅក្នុងកម្ពុជា ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធិភាពនៃការបណ្តុះបណ្តាល ដែលស្តែងឡើងតាមរយៈសមត្ថភាពរបស់សិក្ខាកាម ក្រមសីលធម៌ សុច្ចរិតភាព និងភាពជឿទុកចិត្ត ពីសំណាក់ម្ចាស់ក្រុមហ៊ុន វិនិយោគគិនក្នុងស្រុក និង បរទេស។
វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ មិនត្រឹមតែសម្រាប់បុគ្គល ដែលមានបំណង ឬ បានប្រកបរបរជាភ្នាក់ងារអចលនវត្ថុ និង អ្នកវាយតម្លៃអចលនវត្ថុប៉ុណ្ណោះទេ តែថែមទាំងផ្តល់ប្រយោជន៍ យ៉ាងធំធេងដល់ម្ចាស់ក្រុមហ៊ុនអចលនវត្ថុ និង សេដ្ឋកិច្ចជាតិទាំងមូល ឲ្យកាន់តែមានការរីកចម្រើនទៀតផង។
សាកលវិទ្យាល័យ ពិតជាសង្ឃឹមយ៉ាងមុតមាំថា តាមរយៈវគ្គបណ្តុះបណ្តាលទាំងពីរនេះ នឹងនាំមកនូវភាពជោគជ័យបន្ថែមទៀត ពិសេសនឹងទទួលបានការគាំទ្រ ពីសំណាក់សិស្ស និស្សិត សាធារណៈជន ភ្នាក់ងារក្រុមហ៊ុន អចលនវត្ថុ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ជាវិនិយោគទុនជាតិ និង អន្តរជាតិ ដែលជាចំណែកដ៏សំខាន់ និង មិនអាចខ្វះបាន សម្រាប់ការប្រព្រឹត្តទៅរបស់វគ្គបណ្តុះបណ្តាលនីមួយៗ។
សាកលវិទ្យាល័យ នឹងបើកទទួលចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលខាងលើ ចាប់ពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខតទៅ។ អាសយដ្ឋានសាកលវិទ្យាល័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគារលេខ៦៨ ផ្លូវ៥២៨ កែងផ្លូវ ២៩១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ 023 882 610 / 010 516 887៕