(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានសង្ឃឹមថា ក្រុមបាល់ទាត់មកពីតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្គាយ នឹងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ ដ្បិតអតីតម្ចាស់ជើងឯក World Cup ២សម័យកាលមួយនេះ បានឆ្លងផុតវគ្គជម្រុះក្នុងពូលឈានចូល វគ្គ១៦ក្រុមជាផ្លូវការហើយនោះ។
ការថ្លែងបែបនេះ ក្នុងឱកាសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុប ២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ។
សម្តេចបានថ្លែងថា «ឆ្នាំនេះសម្រាប់ខ្ញុំចាប់ផ្តើមចាក់ពីឥឡូវទៅឲ្យហើយ ខ្ញុំយកអ៊ុយរ៉ាហ្គាយ។ អ៊ុយរ៉ាហ្គាយគឺអតីតម្ចាស់ពានរង្វាន់នេះ មុនប្រេស៊ីល មុនអាហ្សង់ទីន ឥឡូវអ៊ុយរ៉ាហ្គាយបានវិលត្រឡប់មកវិញ។ ហោចណាស់អ៊ុយរ៉ាហ្គាយបានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សាកល្បងចាំមើល»។
សូមបញ្ជាក់ផងដែរថា អ៊ុយរ៉ាហ្គាយ បានបញ្ចប់ទៅចំណាត់ថ្នាក់លេខ១ ប្រចាំពូល A ដែលត្រូវប្រកួតខ្វែងពូល B ទល់នឹងក្រុមព័រទុយហ្គាល់ ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃរាត្រីម៉ោង ១រំលងអាធ្រាត្ររាត្រីថ្ងៃទី៣០ ឈានចូលថ្ងៃទី១ ខែកក្កដា ក្នុងវគ្គ១៦ចុងក្រោយ មុនពេលម្ចាស់ផ្ទះរុស្ស៊ី ត្រូវជួបអតីតម្ចាស់ជើងឯក World Cup 2010 អេស្ប៉ាញ នៅម៉ោង ៩យប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងវគ្គចាញ់ធ្លាក់នេះដូចគ្នា។
កាលពីពេលថ្មីៗនេះ ស្របពេលរដូវកាលប្រកួតបាល់ទាត់ពិភពលោក កំពុងដំណើរប្រកួតបានប្រមាណមួយសប្ដាហ៍ហើយនោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាយកចិត្តខ្លាំងទៅលើវិស័យបាល់ទាត់នេះដែរនោះ ក៏បានអំពាវនាវដល់អ្នកគាំទ្រវិស័យមួយនេះ កុំឲ្យមានការភ្នាល់បាល់ក្នុងរដូវកាលប្រកួតនេះអី ពោលគ្រាន់ទេទស្សនាទៅបានហើយ៕