(ព្រៃវែង)៖ ម៉ូតូស្កូបពី១គ្រឿង បានបើកបុកម៉ូតូហុងដា១គ្រឿងទៀត នៅចំណុចរង្វង់មូលផ្កាឈូក កណ្តាលក្រុងព្រៃវែង បណ្តាលឲ្យធ្លាយចេញកាំភ្លើងជ័រ១ដើម នៅក្នុងកែបម៉ូតូជនបង្ក។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០៖២៥នាទី ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលផ្កាឈូក កែងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

លោកវរសេនីយទោ មុត ប៊ុនឌឿន អធិការនគរបាលក្រុងព្រៃវែង បានឲ្យដឹងថា ជនបង្កមានឈ្មោះ រត្ន័ ធីឡែន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង។ ចំណែកជនរងគ្រោះម្ខាងទៀតឈ្មោះ មុត ទីន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅក្នុងភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ ក្រោយកើតហេតុ ភាគីទាំងសងខាងបានរងរបួសធ្ងន់ដូចគ្នា ហើយត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យរៀងៗខ្លួន។

ប៉ុន្តែអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះ គឺនៅក្នុងម៉ូតូរបស់ជនបង្ក រត្ន័ ធីឡែន គេប្រទះឃើញមានកាំភ្លើងជ័រ១ដើម និងស្រោមកាំភ្លើង១ ខ្សែតី២ខ្សែ និងដុំថ្មគ្រាប់ចំពាម២៤គ្រាប់ ដោយមិនដឹងថា ជននេះដាក់កាំភ្លើងជ័រតាមខ្លួន មានបំណងអ្វីនោះទេ។

បើតាមលោកវរសេនីយទោ មុត ប៊ុនឌឿន ជំហានដំបូងលោកសន្និដ្ឋានថា ជននេះដាក់កាំភ្លើងជ័រតាមខ្លួន គ្រាន់តែដើម្បីសម្ញែងគេឯង ឲ្យឃើញថាខ្លួនអស្ចារ្យប៉ុណ្ណោះ ព្រោះជននេះជាមុខសញ្ញាក្មេងទំនើង។ ទោះយ៉ាងណា លោកបានអះអាងថា បន្ទាប់ពីពេលដែលជននេះបានធូរស្រាលពីរបួស លោកនឹងឲ្យកម្លាំងហៅមកសួរនាំ តើគេដាក់កាំភ្លើងជ័រតាមខ្លួន មានគោលបំណងអ្វី៕