(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងមួយ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់ស្ថានីយ លក់ប្រេងឥន្ធនៈទាំងអស់ក្នុងប្រទេសកម្ពុជា ឲ្យរាយការណ៍មកជាបន្ទាប់ ប្រសិនបើសង្ស័យថា មានជនខិលខូចបន្លំខ្លួនជាមន្ដ្រីកាំកុងត្រូល ដើរទារលុយពីម្ចាស់ស្ថានីយ។
ការចេញសេចក្ដីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីរយៈពេលកន្លងទៅ មន្ដ្រីជំនាញផ្នែកប្រេងឥន្ធនៈ របសអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះពិនិត្យ និងបានរកឃើញនូវភាពមិនសមស្រប ចំពោះការចរាចរ ចែកចាយ លក់ ប្រេងឥន្ធនៈទាំងផ្នែកបរិមាណ គុណភាព និងការប្រកាសបន្លំពីសំណាក់ស្ថានីយ ដេប៉ូលក់ប្រេងឥន្ធនៈមួយចំនួន ហើយដាក់នូវវិធានការណ៍ ជាក់លាក់តាមនីតិវិធី។ ជាមួយនឹងការដាក់វិធានការនោះ ក៏មានជនខិលខូចមួយចំនួន បានឆ្លៀតឱកាសបន្លំខ្លួន ឬប្រើប្រាស់តួនាទី ជាមន្រ្ដីកាំកុងត្រូល ដើរទារប្រាក់ពីម្ចាស់ស្ថានីយ ដោយអះអាងថា ជាថ្នូរនឹងការជួយដោះស្រាយបញ្ហា ឬសម្របសម្រួលលើបាតុភាពណាមួយជាដើម។
អគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ទៀតថា «សូមម្ចាស់ស្ថានីយទាំងអស់ត្រូវចង់ចាំថា នៅរាល់ប្រតិបត្តិការការងារ មន្រ្ដីជំនាញរបស់កាំកុងត្រូល តែងតែប្រើប្រាស់រថយន្ដ មន្ទីរពិសោធន៍ចល័ត ដោយបំពាក់សម្ភារៈ ឧបករណ៍ម៉ាស៊ីនវិភាគ រួមទាំងសំលៀកបំពាក់ ជាឯកសណ្ឋានការងារ និងមានលិខិតបញ្ជាបេសកកម្ម ត្រឹមត្រូវច្បាស់លាស់»។
អគ្គនាយកដ្ឋានបញ្ជាក់ទៀតថា ដូច្នេះរាល់ពេលដែល ម្ចាស់ស្ថានីយទាំងអស់សង្ស័យថា ជាយថាហេតុណាមួយ សូមរាយការណ៍ទៅសាខាកាំកុងត្រូលប្រចាំរាជធានី-ខេត្ត តាមរយៈទូរស័ព្ទលេខ៖
* ០១២ ៥២៦ ៦៦០
* ០១២ ២៧៨ ៧៨៩
* ០១២ ៦៩៨ ១៦៩
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកាំកុងត្រូទាំងស្រុង៖