(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះ ពេលបើកហ្វេសប៊ុកហើយឃើញគេបង្ហោះសារ Comment របស់ជនជាតិកូរ៉េ ទាក់ទងនឹងបាតុកម្មរបស់ក្រុមប្រឆាំង នៅក្នុងប្រទេសរបស់គេ ធ្វើឲ្យខ្ញុំសែនខ្មាស់ជនជាតិកូរ៉េយ៉ាងពន់ពេក។ ពួកគេសរសេរដៀលត្មិះក្រុមបាតុករខ្មែរទាំងនោះថា ធ្វើបាតុកម្មនៅស្រុកឯងមិនអស់ចិត្ត មកធ្វើបាតុកម្មរញ៉េរញ៉ៃក្នុងស្រុកគេទៀត។ មានជនជាតិកូរ៉េខ្លះទៀតសម្តែងការខឹងសម្បារ និងជេរប្រមាថដោយប្រើពាក្យធ្ងន់ៗ ទៅលើក្រុមបាតុករទាំងនោះដែលបានប្រើទង់ជាតិជប៉ុន ព្រោងព្រាតនៅក្នុងប្រទេសរបស់គេ ដោយមិនយល់កិច្ចការ និងមិនបានគិតគូរដល់ប្រវត្តិសាស្ត្រ និងដល់អារម្មណ៍របស់គេទាល់តែសោះ។
ពេលឃើញបែបនេះ ខ្ញុំពិតជានឹកសង្វេគខ្លាំងណាស់ថា ឱ!ជនជាតិខ្មែរយើងត្រូវរងការជេរប្រមាថ និងបង្កការខឹងសម្បារដល់គេបែបនេះ គឺដោយសារតែក្រុមប្រឆាំងមួយក្តាប់តូច ហើយធ្វើឲ្យប៉ះពាល់ដល់កិតិ្តយសខ្មែរទាំងមូល។ ហេតុអ្វីក៏ខ្មែរមួយក្តាប់តូចនោះ ដើរបង្កបញ្ហានៅគ្រប់ទីកន្លែងយ៉ាងដូច្នេះ? ធ្វើបាតុកម្មរញ៉េរញ៉ៃធ្វើឲ្យខូចសណ្តាប់ធ្នាប់នៅក្នុងស្រុកឯងមិនអស់ចិត្តទៅបង្កភាពរញ៉េរញ៉ៃអសណ្តាប់ធ្នាប់នៅស្រុកគេធ្វើឲ្យគេឈឺក្បាល ក្តៅក្រហាយដោយសារឯងទៀត។ នេះបានចំជាអ្នកដើរបំផ្លាញកិត្តិយសជាតិខ្មែរគ្រប់ទីកន្លែងមែន!
ជាការពិត បើសិនជាយើងតាមសង្កេតមើលសកម្មភាពនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយលោក សម រង្ស៊ី យើងបានឃើញយ៉ាងច្បាស់ថា ក្រុមនេះមានបេសកកម្មធំតែមួយគត់ គឺការដើរបង្ខូចកេរឈ្មោះ កិត្តិយស និងកិត្យានុភាពប្រទេសរបស់ខ្លួនជានិច្ចកាល។ នៅក្នុងប្រទេស ពួកគេបង្កបញ្ហាគ្រប់បែបយ៉ាងមិនឲ្យប្រទេសនេះមានភាពស្ងប់ស្ងាត់រស់នៅដោយសុខសន្តិភាពឡើយ។ មួយថ្ងៃមួយថ្ងៃ ពួកគេដើរតែចាក់ដោត ញុះញង់ បំផុសកំហឹងឲ្យពលរដ្ឋស្អប់អាជ្ញាធររាជរដ្ឋាភិបាល តាមរយៈពាក្យសម្តីវាយប្រហារ ជេរប្រទេចផ្តាសារ ប្រមាថថ្នាក់ដឹកនាំប្រទេស រួមទាំងព្រះមហាក្សត្រផងដែរ។ បន្តិចដឹកនាំធ្វើបាតុកម្មនៅកន្លែងនេះ កន្លែងនោះ បិទផ្លូវរំខានដល់អ្នកធ្វើដំណើរ បន្តិចបាតុកម្មដង្ហែក្បួនធ្វើឲ្យស្ទះចរាចរណ៍ រហូតពេលខ្លះបង្កអំពើហិង្សា ដុតបំផ្លាញ វាយកម្ទេចទ្រព្យសម្បត្តិ និងបង្ករបួសស្នាម រហូតដល់ការបាត់បង់ជីវិតមនុស្សថែមទៀត។ បើមិនអ៊ីចឹងទេ ពួកគេទៅធ្វើសកម្មភាពបំពានច្បាប់ លុះដល់ពេលគេចាប់ដាក់គុកក៏នាំគ្នាឡាំប៉ាថា ជាអ្នកទោសនយោបាយ។ និយាយឲ្យចំទៅ សកម្មភាពរបស់ពួកគេធ្វើយ៉ាងម៉េចកុំឲ្យអាជ្ញាធររាជរដ្ឋាភិបាលបាននៅសុខស្រួល និងមានពេលអភិវឌ្ឍន៍ប្រទេស។
នៅឯក្រៅប្រទេសវិញ, ពួកគេនាំគ្នាជិះយន្តហោះទាំងហ្វូងៗទៅដើរគោះទ្វារការិយាល័យរបស់គេ ដើម្បីសុំជួបនិយាយអាក្រក់ពីប្រទេសជាតិខ្លួនឯង។ បើគេមិនឲ្យជួបទេក៏នាំគ្នាធ្វើបាតុកម្មនៅពីមុខការិយាល័យ ឬពីមុខស្ថានទូតរបស់គេធ្វើឲ្យគេឈឺក្បាលឥតល្ហែ។ ចុះអីក៏អាក្រក់យ៉ាងនេះ? នេះឬសកម្មភាពនយោបាយអ្នកស្នេហាជាតិ? ទេ!គឺជាសកម្មភាពបំផ្លាញជាតិសុទ្ធសាធ។
ក្នុងនាមកូនខ្មែរមួយរូប ខ្ញុំពិតជារង្គាសចិត្ត និងមានអារម្មណ៍ខ្មាស់អៀនបរទេសខ្លាំងណាស់ ដោយសារឃើញសកម្មភាពរបស់អ្នកនយោបាយមួយក្រុមធ្វើបែបនេះ។ បងប្អូនពលករខ្មែរដែលទៅធ្វើការនៅស្រុកគេ គួរតែខិតខំធ្វើការងារដើម្បីសាងស្នាដៃសម្រាប់កូនខ្មែរនិងខិតខំសន្សំប្រាក់មកជួយគ្រួសារ និងប្រទេសជាតិរបស់ខ្លួន។ បងប្អូនមិនគួរជឿពាក្យញុះញង់របស់អ្នកនយោបាយជ្រុលនិយម ហើយទៅចូលរួមបាតុកម្មរឿងនយោបាយធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិយ៉ាងខ្លាំងដូច្នេះទេ។ មើលសារ Comment របស់ជនជាតិកូរ៉េចុះនោះបងប្អូននឹងយល់ហើយថា តើបងប្អូនត្រូវបានគេមាក់ងាយ និងជេរប្រមាថ យ៉ាងណាខ្លះ? ជាពិសេសខ្ញុំចង់ផ្ញើសារនេះទៅលោក សម រង្ស៊ី, លោកស្រី មួរ សុខហ៊ួរ និងអ្នកផ្សេងទៀតដែលជាថៅកែបាតុកម្មទាំងឡាយ សូមគិតគូរដល់កិត្តិយសរបស់ជាតិផង ហើយសូមគិតគូរពីអារម្មណ៍របស់ជនជាតិគេផងមុននឹងធ្វើអ្វីមួយបង្កបញ្ហាអសណ្តាប់ធ្នាប់ដល់ប្រទេសរបស់គេ។
អ្នកអាចធ្វើនយោបាយប្រឆាំងបាន តែទោះក្នុងតម្លៃណាក៏ដោយ ធ្វើនយោបាយត្រូវមានបន្ទាត់រួមមួយដែលជានយោបាយការបរទេសដែលគ្រប់គណបក្ស គ្រប់ភាគីខ្មែរត្រូវគោរព ទោះជាអ្នកស្ថិតនៅក្នុងនិន្នាការនយោបាយណាមួយក៏ដោយ។ នោះគឺការលើកស្ទួយកិត្យានុភាពជាតិ និងសេចក្តីថ្លៃថ្នូរនៃជាតិសាសន៍របស់ខ្លួន ក៏ដូចជាការយល់ពីក្រឡាភូមិសាស្ត្រនយោបាយ ដែលត្រូវដើរដើម្បីស្វែងរកផលចំណេញជូនជាតិ។ គេមិនដែលធ្វើនយោបាយយកមួយឈ្នះដៃដើម្បីតែផលប្រយោជន៍បក្សពួកខ្លួនឯងមួយក្តាប់តូច ហើយជាន់ឈ្លីកិត្តយសជាតិទាំងមូលដូច្នេះឡើយ។
នៅប្រទេសថៃ លោកថាក់ ស៊ីន តែងអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនស្ងប់ស្ងាត់ និងចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាទោះជាគ្មានរូបគាត់ចូលរួមក៏ដោយ។ ខុសស្រឡះពីលោក សម រង្ស៊ី និងគូកននៅស្រុកខ្មែរ ដែលតែងអំពាវនាវឲ្យពលរដ្ឋធ្វើបាតុកម្មបះបោរ បង្កចលាចល និងអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោតពីព្រោះតែខ្លួន មិនបានចូលរួមបោះឆ្នោត។
នៅប្រទេសភូមា កាលពីលោកស្រី អង់សាន ស៊ូជី នៅជាមេដឹកនាំបក្សប្រឆាំង គាត់ទៅដល់ទីណាតែងតែអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយផ្តល់ជំនួយដល់ប្រទេសរបស់គាត់ជានិច្ច ខុសពីលោក សម រង្ស៊ី អ្នកនយោបាយប្រឆាំងនៅស្រុកខ្មែរដែលតែងអំពាវនាវឲ្យសហគមន៍អន្តរជាតិកាត់ផ្តាច់ជំនួយ និងឈប់ទិញផលិតផលសម្លៀកបំពាក់ដែលជាញើសឈាមរបស់កម្មករខ្មែរ។
សរុបមកវិញ ក្នុងនាមកូនខ្មែរម្នាក់ ខ្ញុំសូមអំពាវនាវដល់អ្នកនយោបាយប្រឆាំងជាពិសេសដល់ លោក សម រង្ស៊ី សូមលោកបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពដូចបានលើកឡើងខាងដើម ហើយសូមលោកធ្វើនយោបាយគិតគូរដល់ប្រយោជន៍ជាតិជាធំ ដើម្បីកុំឲ្យខ្មែរទូទៅខ្មាស់គេ ដោយសារតែរូបលោក និងគូកនមួយក្តាប់តូចជាបន្តទៀត ឲ្យសោះ៕
ដោយ៖ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ