Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អេស្កាវ៉ាទ័ររបស់ក្រុមហ៊ុនឯកជន កាយដីដាក់លូប៉ះធ្វើឲ្យរលំបាក់ បង្គោលទម្រត្រង់ស្វូបណ្តាញតង់ស្យុងមធ្យម (MV) ពីរដើម បណ្តាលឲ្យចាក់ចរន្តអគ្គិសនីតំបន់មួយចំនួន ក្នុងខណ្ឌសែនសុខ និងខណ្ឌមានជ័យ

28-06-2018 16:10

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១២៖៥៨នាទីថ្ងៃត្រង់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F17B) មូលហេតុក្រុមហ៊ុន DVL ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូ ប៉ះធ្វើឲ្យរលំបាក់បង្គោលទម្រត្រង់ស្វូបណ្តាញតង់ស្យុងមធ្យម (MV) ពីរដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួន។

ទីតាំងដែលដាច់ចរន្តអគ្គិសនីស្ថិតនៅ៖ ១៖ផ្លូវលេខ២០០៤ ភូមិស្លែងរលើង និងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ២៖ ផ្លូវទ្រុងមាន់ សួនឧស្សហកម្មវឌ្ឍនៈ ភូមិដំណាក់ធំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង៣៖ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជាបានឲ្យដឹងថា ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្ត ជូនអតិថិជនឲ្យមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៥៖២០នាទីរសៀល។ លើកលែងតែបន្ទប់ភ្លើង P1260 ដែលមានទីតាំងស្ថិតនៅភូមិចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជាសូមអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕