(កំពង់ស្ពឺ)៖ មូលនិធិក្រុមហ៊ុន លោក ហ៊ួត ជា រួមជាមួយនឹងព្រះតេជគុណ ភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រមទាំងសិល្បករ-សិល្បការិនី ជាច្រើនដួង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានពាំនាំយកអំណោយ មានដូចជាអង្ករ សម្ភារៈសិក្សា និងថវិកាមួយចំនួន ចែកជូនដល់សិស្សានុសិស្សក្រីក្រ ប្រមាណជិត៣០០នាក់ ក្នុងវិទ្យាល័យ ហ៊ុន សែន បាត់ដឹង (ខាងបឋមសិក្សា) ដោយក្នុងនោះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់។
ថ្លែងនៅក្នុងពិធីចែកសម្ភារៈសិក្សានោះ លោក ហ៊ួត ជា បានបញ្ជាក់ថា តាមការពិតថ្ងៃនេះ ជាថ្ងៃខួបកំណើតកូនប្រុសរបស់លោក គម្រប់អាយុ៣ឆ្នាំ ប៉ុន្តែឆ្លៀតឱកាសនេះ លោកបានផ្ដើមគំនិត យកថ្ងៃពិសេសរបស់កូន ដើម្បីធ្វើទានដល់អ្នកក្រីក្រ ដល់ក្មួយៗកុមារតូចៗ ដោយជាក់ស្ដែងថ្ងៃនេះ លោកបាននាំយកនូវអង្ករ សម្ភារៈសិក្សា និងថវិកាមួយចំនួន ជូនដល់សិស្ស ក្នុងបរិវេណវិទ្យាល័យ «ហ៊ុន សែន បាត់ដឹង» ខាងបឋមសិក្សា ដើម្បីចែកជូនដល់ក្មូយៗ ជួយសម្រួលដល់ការសិក្សា ដែលជាសកម្មភាពមនុស្សធម៌មួយ គួរតែត្រូវយកចិត្តទុកដាក់គ្រប់ៗគ្នា។
លោកបន្តថា សម្រាប់មូលនិធិក្រុមហ៊ុន ហ៊ួត ជា គឺយើងបានប្រកាសហើយថា នឹងកាត់យកថវិកាប្រមាណ២ភាគរយ នៃប្រាក់ចំណេញ របស់ក្រុមហ៊ុនទាំងមូល ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ជនទីទ័លក្រ ចាស់ជរា កុមារកំព្រា រស់នៅតាមអង្គការនានា ជនអនាថា និងជួយដល់មន្ទីរពេទ្យ «គន្ធបុប្ផា» ជាដើម។ យ៉ាងណាមិញ មូលនិធិនេះ ក៏មានការចូលរួមបរិច្ចាគថវិកា ពីសំណាក់មិត្តភក្តិ សិល្បករ-សិល្បការិនី ក៏ដូចជាសប្បុរសជននានា ដែលបានជួយទ្រទ្រង់មូលនិធិ ហើយយើងបានធ្វើការបែបចែក ជូនដល់អ្នកក្រីក្រ ពិតប្រាកដ។
លោក ហ៊ួត ជា បានសង្កត់ធ្ងន់ថា មូលនិធិក្រុមហ៊ុនបានធ្វើសកម្មភាពខ្លាំង ក្នុងរយៈពេល២ទៅ៣ខែចុងក្រោយនេះ ព្រោះតែយើងមានអ្នកគ្រប់គ្រងច្បាស់លាស់ ហើយក៏ទទួលបានការគាំទ្រខ្លាំង ពីសំណាក់សប្បុរសជន ជាពិសេសសូម្បីតែព្រះសង្ឃ ក៏ចូលរួមគាំទ្រដែរ។ ជាក់ស្ដែងថ្ងៃនេះ ព្រះតេជគុណ គូ សុភាព ក៏ព្រះអង្គនិមន្តមកចូលរួម ក្នុងកម្មវិធីចែកសម្ភារៈសិក្សា ជាមួយគ្នាផងដែរ។
យ៉ាងណាមិញ លោក ហ៊ួត ជា បានធ្វើការអំពាវនាវ ដល់បងប្អូនគ្រប់រូប ជាពិសេសអ្នកដែលមានធនធាន និងជីវភាពធូរធា មេត្តាជួយបរិច្ចាគថវិកា ឬធនធានដែលខ្លួនមាន ជួយទៅដល់សកម្មភាព មនុស្សធម៌ឲ្យបានច្រើន ពោលគឺជួយដល់ជនក្រីក្រ នៅតាមទីជនបទដាច់ស្រយាល និងកុមារកំព្រា ជាដើម ដែលពួកគេកំពុងតែ ដង្ហោយរកជំនួយជួយសង្គ្រោះ ព្រោះតែជីវភាពខ្វះខាតខ្លាំង ឬជួបគ្រោះទុរភិក្សផ្សេង។
សូមបញ្ជាក់ថា ក្រៅពីវត្តមានលោក ហ៊ួត ជា និងក្រុមការងារ ក៏ដូចជាព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ចូលរួមក្នុងកម្មវិធីហើយនោះ គេបានសង្កេតឃើញវត្តមាន តារាចម្រៀង តារាសម្ដែងល្បីៗមួយចំនួន មានដូចជា លោក សាយ សៀរ៉ា, លោក គន់ រៀមរតនៈ, លោក ឃុំ ប៉ុណ្ណាដែត, អ្នកនាង យក់ ឋិតរដ្ឋា, លោក យ៉ែម សំអូន, កញ្ញា ដួង ហ្សូរីដា, លោក ម៉ា ដូណា, លោក ដុរទ័រ រិទ្ធ ព្រមទាំងអ្នកសិល្បៈ មួយចំនួនទៀត។
ក្រៅពីការចែកសម្ភារៈសិក្សា ជូនដល់សិស្សរួចមក លោក ហ៊ួត ជា ក៏បានប្រគល់នូវបង្គន់អនាម័យមួយខ្នង មានពីរបន្ទប់ ជូនដល់លាសាបឋមសិក្សាបាត់ដឹង ដើម្បីទុកឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ប្រើប្រាស់ប្រចាំថ្ងៃ ផងដែរ៕