(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងថា យោធភូមិភាគទី៥ សូមប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី វាយកម្ទេចរាល់ឧបាយកលប៉ុនប៉ង បង្កើតឱ្យមានចលនាបដិវត្តន៍ពណ៌នៅកម្ពុជា ការពារសន្តិសុខ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦។

លោកឧត្តមសេនីយ៍ឯក បានថ្លែងបែបនេះ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ខួបលើក៣០ឆ្នាំ នៃការបង្កើតយោធភូមិភាគទី៥ (២៨ មិថុនា ឆ្នាំ២០១៨ ២៨មិថុនា ឆ្នាំ១៩៨៨) នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ។

ឧត្តមសេនីយ៍ឯក ប៊ុន សេង បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីឆ្លើយតបទៅគុណបំណាច់ធំធេងខាងលើ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ និងសូមធ្វើការប្តេជ្ញាចិត្ត បន្តចូលរួមអនុវត្តន៍ឲ្យបានសម្រេចជោគជ័យ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រដ្ឋាភិបាល បទបញ្ជា ផែនការ សេចក្តីណែនាំថ្នាក់លើគ្រប់ជាន់ថ្នាក់»

មេបញ្ជាការយោធភូមិភាគទី៥រូបនេះ បានបន្តថា «យើងខ្ញុំសូមប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី វាយកម្ទេចរាល់ឧបាយកលគប់គិត ប៉ុនប៉ង បង្កើតឱ្យមានចលនាបដិវត្តន៍ពណ៌នៅកម្ពុជា ការពារសន្តិសុខ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ និងសូមគាំទ្រយ៉ាងដាច់ខាត ចំពោះបេក្ខភាពតែមួយគត់ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៦ និងអាណត្តិក្រោយៗទៀតជារៀងរហូត»

មូលហេតុដែលឧត្តមសេនីយ៍ឯក ប៊ុន សេង ប្តេជ្ញាយ៉ាងដូច្នេះ ព្រោះបច្ចុប្បន្ន គ្រប់អង្គភាពទូទាំងយោធភូមិភាគ បានប្រែមុខប្រែមាត់ថ្មី និងធានាមានភាពរឹងមាំគ្រប់វិស័យ ជាក់ស្តែងនៅយោធភូមិភាគនីមួយៗ ពីថ្នាក់កងអនុសេនាធំឡើង មានកន្លែងរស់នៅ ធ្វើការងារបានសមរម្យ ធ្វើការត្រឹមត្រូវ មានការហ្វឹកហ្វឺន រៀនសូត្រជាក់លាក់ ការហូបចុកគ្រប់គ្រាន់ និងមានការថែទាំងសុខភាពបាន ល្អប្រសើរ។ សមិទ្ធផលខាងលើ លេចចេញជាស្នាដៃកងទ័ព នៅក្នុងចលនានៃសកម្មភាពយុទ្ធភូមិភាគ គួបផ្សំយ៉ាងសកម្មជាមួយនឹងសមាគមការងារអតីតយុទ្ធជន ក៏ដូចជាការងារមូលដ្ឋាន ការងារសង្គមចិត្តសាស្ត្រ។

បើតាមមេបញ្ជាការរងកងទ័ពជើងគោករូបនេះ នេះជាមោទនភាពណាស់ និងជាប្រវត្តិសាស្ត្រ ដែលយោធភូមិភាគទី៥ មានទីលានបាញ់គ្រាប់ពិត មរតកតេជោសែន ភ្នំជ័យចាប ដែលកើតចេញពីការជួយឧបត្ថម្ភទាំងស្រុងរបស់រាជរដ្ឋាភិបាល។ លោកបន្តថាសម្តេចតេជោ បានប្រឹងប្រែក្លាយតំបន់ដែលធ្លាប់ជាកន្លែង នៃក្រុមចលនាតស៊ូគ្រប់ជំនាន់ ឲ្យក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាល សមត្ថភាពកងកម្លាំងប្រដាប់អាវុធ នៅពាយ័ព្យនៃប្រទេស ដែលបានធ្វើពិធីសម្ភោធប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា តំណាងសម្តេចតេជោ និងបានធ្វើសមយុទ្ធហ្វឹកហាត់បាញ់គ្រាប់ពិត ខណៈកងទ័ពសេនាធំ សហការជាមួយកម្លាំងរថក្រោះ គាំទ្រកាំភ្លើងធំ ការពារអាកាស បានចំនួន២លើក នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក បានបញ្ជាក់ដែរថា ពិធីខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតយោធភូមិភាគទី៥ និងការសម្តែងព្យុហយាត្រា អមដោយគ្រឿងចក្រ ដែលប្រារព្ធធ្វើ និងសម្តែងជូនទស្សនានេះ ពិតជាបង្ហាញនូវនិមិត្តរូប នៃស្មារតីអង់អាចក្លាហាន ហ៊ានលះបង់គ្រប់បែបគ្រប់យ៉ាង មានឆន្ទៈសាមគ្គី ឯកភាពខ្ពស់ សហការ និងទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ នាយពលទាហានយោធភូមិភាគទី៥ និងគ្រប់ជំនាន់៕