(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានចាត់ទុករបាយការណ៍របស់ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែលវាយប្រហារមកលើ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធកម្ពុជា គ្រាន់តែជាការប្រឌិតរឿង ដើម្បីបម្រើអតិថិជននយោបាយកម្ពុជា និងបរទេស នៅអំឡុងពេលដែលកម្ពុជា រៀបចំការបោះឆ្នោតតែប៉ុណ្ណោះ។
ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពី HRW ចេញរបាយការណ៍មួយ ដែលផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ចោទប្រកាន់ទៅលើមន្រ្តីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធកម្ពុជាចំនួន១២រូបថា បានរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្ន។
លោក ផៃ ស៊ីផាន បានរៀបរាប់ថា Human Rights Watch ជាអង្គការមិនមែនរដ្ឋាភិបាលបោកប្រាស់សាធារណជនតាមពិត អង្គការនេះគឺមានទិសដៅនយោបាយពិតប្រាកដ ដែលមានរបៀបវារៈ និងផលប្រយោជន៍នៅពីក្រោយខ្នង អង្គការនេះតែងតែប្រឌិតនូវរបាយការណ៍ភូតភរ និងវាយប្រហារចំពោះមន្រ្តីជាន់ខ្ពស់នៅកម្ពុជា ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាពិសេស នៅក្នុងថេរវេលានៃយុទ្ធនាការបោះឆ្នោតសកលនៅកម្ពុជា។
លោកបានបន្តថា របាយការណ៍ប្រឌិតនោះ តែងតែបំផុសនូវរូបភាពអវិជ្ជមាន និងអត្តនោម័ត ជាមូលដ្ឋាន នៃកិច្ចវិទ្ធង្សនា ដើម្បីបម្រើផលប្រយោជន៍របស់ក្រុមនយោបាយរបស់គេ ក៏ដូចជាអតិថិជនរបស់គេ ដែលមានសកម្មភាពនយោបាយ ឬបក្សនយោបាយនៅកម្ពុជា។ របាយការណ៍ទាំងនោះក៏ចរិត និងខ្លឹមសារប្រឌិត និងលាបពណ៌ហួសពីដែនកំណត់ នៃវិជ្ជាជីវៈ និងក្រមសីលធម៌ របស់អង្គការមិនមែនរដ្ឋាភិបាល។ ជារឿយៗគេឃើញប្រធាននៃអង្គការនេះ តែងតែគៀរគរខ្មែរអាមេរិកាំង ដែលរស់នៅសហរដ្ឋអាមេរិក ក្នុងការងើបឈរប្រឆាំងនឹង រដ្ឋាភិបាលស្របច្បាប់នៅក្នុងអាណត្តិរបស់ខ្លួន ក៏ដូចជារំខានបំផ្លាញ នូវដំណើរការប្រក្រតីភាពប្រជាធិបតេយ្យ ក្នុងន័យកម្ពុជាទទួលខុសត្រូវលើជោគវាសនា របស់ខ្លួនដោយខ្លួនឯង។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា៖ គោលការណ៍ និងទិសដៅរបស់អង្គការនេះ ត្រូវបានបរាជ័យដែលមិនអនុវត្តបាននៅក្នុងប្រទេសជាច្រើន នៅក្នុងតំបន់ ឬក្រៅតំបន់អាស៊ានដែរ HRs is a failed policy as one size feeds all what number Nations do not honor ។ នេះជាបរាជ័យ ជាក់ស្ដែង ដែលក្រុមនោះ តាំងខ្លួនជាម្ចាស់សិទ្ធិមនុស្សនៅក្នុងពិភពលោក។ «ចុះនរកទៅ» នេះជាពាក្យចំអករបស់លោកប្រធានាបតីហ្វីលីពីន (ASEAN VALUE ) តម្លៃរបស់អាស៊ាន ជាពាក្យស្លោករបស់ប្រជាជាតិអាស៊ាន ក្នុងការឆ្លើយតប នឹងការរើបំរាស់ប្រឆាំងនឹងអាណានិគមបរទេសចំពោះការវាយប្រហារតាមសេចក្តីថ្លែងការណ៍ និងទទ្បី្ហករណ៍ យកសិទ្ធិមនុស្សមកប្រឆាំងនឹង ដំណើរការរបស់ប្រជាជាតិអាស៊ាន ដែលគេឃើញចលនានេះផុសផុលនៅចុងទសវត្ស៨០។ ផលិតផលសិទ្ធិមនុស្ស ដែលធ្វើយុទ្ធនាការក្នុងទិសដៅនយោបាយ ដើម្បីដាក់សម្ពោធ ឬអាណានិគមជ្រៀតជ្រែកផ្ទៃក្នុងមកលើប្រទេសដទៃនោះ ក៏មិនត្រូវបានគាំទ្រពីរដ្ឋបាលដូណាល់ត្រាំផងដែរ។
លោកអះអាងទៀតថា «ដូចនេះរបាយការណ៍ប្រឌិត ប្រមាថ វាយប្រហារកិត្តិយស និងអធិបតេយ្យភាពឥស្សរជនយោធាកម្ពុជា គ្រាន់តែជាឆាក នៃយុទ្ធនាការបម្រើ អតិថិជននយោបាយ នៅក្នុងកម្ពុជា ក៏ដូចការបម្រើផលប្រយោជន៍បរទេស នៅរដូវបោះឆ្នោតថ្ងៃទី២៩ កក្កដា ២០១៨ខាងមុខនេះតែប៉ុណ្ណោះ ដែលពុំឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែង ឬជាឧបសគ្គប្រឆាំងនឹងដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលកំពុងតែបោះជំហាន ប្រកបដោយថាមពល និងរក្សាផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលជាកម្មសិទ្ធផ្ដាច់មុខ នៃការទទួលខុសត្រូវលើជោគវាសនារបស់ខ្លួន»៕