(ភ្នំពេញ)៖ ជនសង្ស័យចំនួន៤នាក់ កំពុងសង្ងំជួញដូរ និងប្រើប្រាស់គ្រឿងញៀន តែជាលទ្ធផលត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ក្រោមការដឹកនាំដោយលោកអនុសេនីយ៍ទោ អ៊ំ រតនា បានធ្វើការបង្ក្រាបឃាត់ខ្លួន និងដកហូតបានថ្នាំញៀន១៣កញ្ចប់។
ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ខាងលើនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងលំនៅដ្ឋានទុកចោលមួយកន្លែង ក្បែរសំណង់មិនរៀបរយ ស្ថិតនៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ទោ អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានទី១-ឈ្មោះ ឡេ សុខចាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ ទី២-ឈ្មោះ គូ សុខរុំ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣-ឈ្មោះ គឹម លាងហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅម្ដុំផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ទី៤-ឈ្មោះ ពេញ កាណាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោកអនុសេនីយ៍ទោ អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានឲ្យដឹងទៀតថា មុនឈានដល់ការបង្ក្រាបក្រុមជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទាំង៤នាក់នេះដែរ បានអនុវត្តឡើង ក្រោមការបញ្ជាពីលោកវរសេនីយ៍ឯកអធិការនគរបាលខណ្ឌមានជ័យ តេង ស៊ីណូ ដើម្បីសហការជាមួយកម្លាំងអាជ្ញាធរសង្កាត់ចាក់អង្រែលើ ក្នុងការត្រួតពិនិត្យធ្វើរដ្ឋបាលក្នុងមូលដ្ឋាន ទើបប្រទះឃើញពួកគេកំពុងសង្ងំ ក្នុងផ្ទះមួយកន្លែងទុកចោល ដែលគ្មានមនុស្សរស់នៅ បានរកឃើញថ្នាំញៀន ចំនួន១៣កញ្ចប់ថង់តូច និងសម្ភារប្រើប្រាស់មួយចំនួន ហើយក៍ឃាត់ខ្លួនយកមកធ្វើការសាកសួរ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្នុងការកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីច្បាប់តែម្ដង៕