(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ត្រូវបានរៀបចំប្រារព្ធពិធីក្រុងពាលី សុំសេចក្ដីសុខក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា ពង់ ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត ដើម្បីត្រៀមបើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី២៩ ខែមិថុនាស្អែក ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ ប្រើប្រាស់ថវិកាសាងសង់២២លានដុល្លារអាមេរិក ប្រើរយៈពេលសាងសង់៣០ខែ ពោលចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ គឺក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋពង្វាងចរាចរណ៍ចេញ-ចូល រាជធានីភ្នំពេញ ត្រង់ចំណុចរង្វង់មូលចោមចៅ ដើម្បីការពារការកកស្ទះចរាចរណ៍ ក្នុងឱកាសរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ។
ម្ចាស់រថយន្ដដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្ដដឹកអ្នកដំណើរដែលត្រូវចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ ឆ្លងកាត់ទីតាំងរង្វង់មូលចោមចៅ ត្រូវពង្វាងចរាចរណ៍ រួមមាន៖
* ចំពោះរថយន្ដចរាចរណ៍មកពីទិសខាងលិច តាមបណ្ដោយផ្លូវជាតិលេខ៤ ចូលរាជធានីភ្នំពេញ ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅតាមផ្លូវបែកចាន បត់ស្ដាំទៅទិសខាងត្បូង ឬផ្លូវកប់ស្រូវ បត់ឆ្វេងទៅទិសខាងជើង។
* ចំពោះរថយន្ដចរាចរណ៍ មកពីផ្លូវជាតិលេខ៣ ចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាង បត់ស្ដាំទៅតាមផ្លូវព្រៃស មុខវត្តស្លែង ឬទៅតាមផ្លូវទួលពង្រ បត់ស្ដាំតាមផ្លូវ៣០ម៉ែត្រ ឆ្ពោះទៅផ្លូវចោមចៅ។
* ចំពោះរថយន្ដធ្វើចរាចរណ៍តាមផ្លូវចោមចៅ ចេញក្រៅរាជធានី ទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូវទួលពង្រ បត់ឆ្វេងត្រង់ចំណុចស្ដុប។
* ចំពោះចរាចរណ៍ពីផ្លូវចោមចៅ ឆ្ពោះទៅផ្លូវជាតិលេខ៤ អនុញ្ញាឲ្យចរាចរធម្មតា៕