(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា» នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ស្អែកនេះ។
សិក្ខាសាលានេះ មានគោលបំណងធ្វើការពិគ្រោះយោបល់ និងប្រមូលធាតុចូល ពីសំណាក់តួអង្គពាក់ព័ន្ធទាំងអស់ នៅក្នុងការរៀបចំ និងការដាក់ឱ្យដំណើរការអនុវត្តនូវ «មូលនិធិលើក កម្ពស់សហគ្រិនភាព» ដែលជាគំនិតផ្តួចផ្តើមថ្មីរបស់រាជរដ្ឋាភិបាលនេះ ឱ្យទទួលបានជោគជ័យ ហើយមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ តាមគោលដៅដែលរំពឹងទុក។
សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងគ្រោងនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, គ្រឹះស្ថានឧត្តមសិក្សា, បណ្តាញសារព័ត៌មាន, អ្នកសារព័ត៌មាន, ស្ថាប័នសិក្សាស្រាវជ្រាវ, និស្សិត និងយុវជន ព្រមទាំងជាពិសេសបណ្តាសហគ្រិនវ័យក្មេង ក្នុងស្រុកជាច្រើននាក់៕