(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយឃោសនិក និងសកម្មជន គណបក្សជាង១០០០នាក់ នៅស្រុកមុខកំពូល ដើម្បីចែករំលែកព័ត៌មាន, ការវាយតម្លៃ សភាពការណ៍ រួម និងខ្លឹមសារនយោបាយសំខាន់ៗរបស់គណបក្ស ព្រមទាំងយុទ្ធសាស្រ្ត នៃការឃោសនា និងបដិឃោសនា។
លោក វង្សី វិស្សុត បានថ្លែងថា ជារួមស្ថានភាពនយោបាយ របស់ប្រទេស យើងក្នុងពេលនេះ គឺមានស្ថេរភាពល្អប្រសើរជាងពេលណាៗទាំងអស់ ហើយរាជរដ្ឋាភិបាលក៏បានគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អផងដែរ ដោយសារអត់មានបាតុកម្មដូចមុន ក្នុងខណៈដែលយុទ្ធនាការបង្រ្កាបគ្រឿងញៀន និងអំពើខុសច្បាប់នានា កំពុងតែមានសន្ទុះល្អ។ ប្រជាពលរដ្ឋទូទាំងប្រទេសតែកំពុងសប្បាយរីករាយ ហើយអាចធ្វើដំណើរទៅគ្រប់ច្រកល្ហកនៃប្រទេសដើម្បីកំសាន្តសប្បាយ ឬជួបជុំគ្នាធ្វើបុណ្យទានផ្សេងៗ ដោយគ្មានការភ័យខ្លាចដូចមុន និងកាន់តែងាយស្រួលជាងមុនទៅទៀត ដោយសារយើងមានបណ្តាញផ្លូវគមនាគមន៍កាន់តែល្អ, មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ស្ទើតែគ្រប់ទីកន្លែង។
ជាងនេះទៅទៀត លទ្ធភាពដ៏ធំនៃការកើតមាននូវសង្រ្គាមបង្ហូរឈាម ដែលអាចធ្វើឱ្យប្រជាជាតិខ្មែរយើងត្រូវធ្លាក់ចុះដុនដាបសារជាថ្មីម្តងទៀត ក៏ត្រូវបានរសាតអណ្តែតចេញឆ្ងាយពី កម្ពុជាយើង ដោយសារការរំលាយអង្គការចាត់តាំងបដិវត្តន៍ព័ណ៌ ស្របតាមនីតិវិធីច្បាប់ជាធរមាន។ លោកបានបន្តថា ការទប់ស្កាត់បាននូវមហិច្ឆិតាដ៏មហាគ្រោះថ្នាក់នេះទាន់ពេលវេលា ជួយធ្វើឱ្យប្រទេសជាតិរបស់យើងនឹងមានសុខសន្តិភាពយូរអង្វែង។
លោក វង្សី វិស្សុត បានលើកឡើងផងដែរថា ស្ថេរភាពនយោបាយល្អប្រសើរខាងលើនេះ បានជួយធ្វើឱ្យសេដ្ឋកិច្ចជាតិយើង កាន់តែមានកំណើនល្អ និងរឹងមាំ។ ជាក់ស្តែង សកម្មភាពពាណិជ្ជកម្ម និងធុរកិច្ចគ្រប់ប្រភេទនៅតែមានដំណើរជាធម្មតា, សកម្មភាពនាំចេញនាំចូលក៏មានកំណើនល្អ និងកាន់តែមានពិពិធកម្មជាងមុន, សកម្មភាពលក់ដូរដីធ្លីក៏កាន់តែផុលផុស, ចំនួនភ្ញៀវទេសចរមកទស្សនាកម្ពុជាក៏កើនឡើងជាលំដាប់ ហើយលំហូរទុនវិនិយោគផ្ទាល់ពីក្រៅប្រទេសក៏មានទំហំកាន់តែធំ និងយ៉ាងគំហុក ពិសេសមកពីប្រទេសចិន ខណៈទុនបម្រុងអន្តរជាតិ នៅក្នុងប្រព័ន្ធធនាគាររបស់យើងមានរហូតដល់ប្រមាណ១០ពាន់លានដុល្លារ ធៀបទៅនឹងឆ្នាំ២០០០ ដែលមានត្រឹមតែប្រមាណ៣៥០លានដុល្លារប៉ុណ្ណោះ។
ដោយឡែក ស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសយើង ក៏ល្អប្រសើរ និងកាន់តែរឹងមាំ ដោយសារការប្រមូលចំណូលគ្រប់ប្រភេទមានកំណើនល្អ និងចិរភាព ក្នុងខណៈដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងចំណាយសាធារណៈបានយ៉ាងល្អ។ ប្រការនេះ បានធ្វើឱ្យរាជរដ្ឋាភិបាលនៅក្នុងរយៈពេល ០៥ឆ្នាំនេះ មានលទ្ធភាពកាន់តែច្រើន ក្នុងការបង្កើតនូវឱកាសរកប្រាក់ចំណូល និងការងារជូនដល់ប្រជាពលរដ្ឋទូទៅ, មន្រ្តីរាជការ, កម្មករ និងកសិករឱ្យមានជីវភាពកាន់តែធូរធាផង និងមានលទ្ធភាពកាន់តែច្រើន ក្នុងការជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋបន្ថែមទៀតផង តាមរយៈការបញ្ចុះថ្លៃថាមពលអគ្គិសនី និងទឹកស្អាត, ការលុបចោលនូវការយកកម្រៃពីសេវាសាធារណៈចាំបាច់មួយចំនួន, ការបន្ធូបន្ថយពន្ធ និងអនុគ្រោះពន្ធចំពោះអាជីវកម្មតូចតាច និងអ្នកមានចំណូលទាប, ការទទួលបាននូវរបបគាំពារសង្គមមួយចំនួន ដូចជាការទទួលបាននូវសេវាព្យបាលជំងឺដោយឥតគិតថ្លៃចំពោះប្រជាពលរដ្ឋក្រីក្រជាដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានប្រមូលពន្ធកាន់តែច្រើនពីអ្នកមានចំណូលខ្ពស់ ដើម្បីយកមកធ្វើការបែងចែកនូវធនធាននេះឡើងវិញ។
ដូចនេះ ឱ្យតែយើងចេះសាមគ្គីគ្នា និងចេះកែខ្លួន សូមកុំខ្លាចការដាក់សម្ពាធ ឬការដាក់ទណ្ឌកម្មពីប្រទេសណាមួយឱ្យសោះ ព្រោះពេលនេះយើងមានកម្លាំងនយោបាយ និងសេដ្ឋកិច្ចខ្លាំងជាងមុន, មានលទ្ធភាពអាចរស់ដោយខ្លួនឯងកាន់តែច្រើនជាងមុន ។ ពិតណាស់ថា ការដាក់ទណ្ឌកម្មណាមួយអាចធ្វើឱ្យយើងជួបការលំបាក តែវាក៏ជាប្រការល្អទៅវិញដែរ ព្រោះអាចជួយធ្វើឱ្យយើងកាន់តែរឹងមាំ និងកាន់តែចេះរស់ដោយខ្លួនថែមទៀតផងដែរ។ ពេលនេះ គ្មានកម្លាំងមកខាងក្រៅណាមួយអាចមកបំផ្លាញយើងបានទេ ព្រោះយើងមានសក្តានុពលខ្លាំង។ តែត្រូវចងចាំថា សត្រូវដែលធំជាងគេបំផុត គឺខ្លួនឯងនេះឯង។
លោក វង្សី វិស្សុត បានណែនាំដល់មន្រ្តីគណបក្សទាំងអស់ ត្រូវតែខិតខំបម្រើប្រជាជន និងយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាជូនប្រជាជន ជាពិសេសបញ្ហាដីធ្លី ហើយត្រូវបន្តធ្វើអំពើល្អ, រក្សាសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងរឹងមាំ និងត្រូវបន្តពង្រឹងខ្លួនឯងជាប់ជាប្រចាំ ក្នុងស្មារតីកែទម្រង់ ដើម្បីធ្វើឱ្យគណបក្សរបស់យើងដែលជាគណបក្សខ្លាំង, មានធនធានមនុស្សសម្បូរបែប និងមានសមាជិកគាំទ្រច្រើនជាងគេ នៅតែអាចរក្សាបាននូវភាពនាំដឹកមុខ និងភាពឈ្នះ ហើយអាចបន្តឈរជើងដឹកនាំប្រទេសតទៅមុខទៀតបានយូរអង្វែង ដើម្បីបម្រើប្រជាជន និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លា។ លោកក៏បានណែនាំដល់មន្រ្តីបក្សទាំងអស់ មិនត្រូវទំម្លាក់ដៃ ហើយភ្លេចខ្លួនធ្វេសប្រហែសនោះទេ ពោលគឺត្រូវរួមដៃគ្នាឱ្យក្លាយជាកម្លាំងសរុប ក្នុងការគ្រប់គ្រងសភាពការណ៍ផ្សេងៗនៅក្នុងមូលដ្ឋានឱ្យល្អ និងត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត ពាក់ព័ន្ធគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញឿន។
ចុងបញ្ចប់ លោកបានផ្តាំផ្ញើដល់ឃោសនិក និងសកម្មជនរបស់គណបក្សទាំងអស់ សូមចុះទៅផ្សព្វផ្សាយខ្លឹមសារនយោបាយ របស់គណបក្សនៅតាមគ្រប់ខ្នងផ្ទះរបស់សមាជិក ឱ្យបាន យល់ ជ្រួតជ្រាប និងសូមកុំភ្លេចប្រាប់បងប្អូនទាំងអស់ឱ្យអញ្ជើញ ទៅបោះឆ្នោតទាំង អស់គ្នា និងបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តី ដើម្បីរក្សាបាន នូវសន្តិ ភាព, ស្ថេរភាពនយោបាយ និងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា៕