(កំពង់ចាម)៖ ក្នុងឱកាសចុះសំណេះសំណាលក្រុមបក្ស សាខាបក្ស និងសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា នៅឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ លោក ជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្ដទទួលបាននូវម្លប់នៃសុខសន្ដិភាព និងការអភិវឌ្ឍ ។
លោកថ្លែងបន្ដថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រធាន លោកបានប្រឹងប្រែង ពលីគ្រប់បែបយ៉ាង ដើម្បីបញ្ចប់សង្គ្រាមកាលពីជាង២០ឆ្នាំមុន ដែលធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ ដូចនេះ មានសុខសន្តិភាព គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជនយើង។ ដើម្បីជាតិយើងទទួលបានការអភិវឌ្ឍរីកចម្រើនលូតលាស់ទៅមុខទៀត យើងជាសមាជិកបក្ស គឺត្រូវរួមគ្នាបំពេញការងារនេះឲ្យបានល្អ និងបន្ដពន្យល់ប្រាប់ ទៅប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិការទី៦ នៅថ្ងៃទី២៩ កក្កដាខាងមុខនេះ និងបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រក្សាបានសុខសន្តិភាព រក្សាសមិទ្ធផលជាតិ និងបន្តនាំជាតិឲ្យកាន់តែរីកចម្រើន។
លោក ជូន យិនស៊ីម ក៏បានអំពាវនាវឱ្យសមាជិកទាំងអស់ ជួយផ្សព្វផ្សាយឱ្យប្រជាជនទាំងអស់ ដែលមានឯកសារគ្រប់គ្រាន់ ក្នុងការបោះឆ្នោត ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា សូមកុំជឿពាក្យឃោសនាអ្នកដ៏ទៃឱ្យសោះ ហើយទៅបោះឆ្នោត គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ មានរូបទេវតាបាចផ្កា ជាសញ្ញាសំគាល់។ ត្រូវចងចាំជានិច្ចកាលថា គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជូនប្រទេសជាតិ និងប្រជាជន។
ទន្ទឹមនឹងនោះ អោក សុផល ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ឃុំជើងព្រៃ ស្រុកបាធាយ ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋឃុំជើងព្រៃ ដែលគ្រប់អាយុបោះឆ្នោតមានចំនួន៥៦០៨នាក់ ដូចនេះសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញមកបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ និងប្រើសិទ្ធិរបស់យើង ជ្រើសរើសថ្នាក់ដឹកនាំ ដែលយើងស្រលាញ់ពេញចិត្ដ ។
លោកបានស្នើសុំដល់អង្គសំណេះសំណាលទាំងមូល ឲ្យយកចិត្តទុកដាក់ការពារ និងថែទាំសុខភាពឲ្យបានល្អ ត្រូវពិសាអាហា ដែលមានអនាម័យល្អ កុំពិសាអាហារ ដែលមានរសជាតិប្រៃ ផ្អែម និងខ្លាញ់ពេក ដើម្បីជៀសវាងជំងឺដង្កាត់មួយចំនួន ហើយបើគ្រួសារយើងមានអាការៈមិនស្រួល សូមបញ្ជូនបងប្អូនទៅមន្ទីរពេទ្យ ឲ្យបានទាន់ពេលវេលា ៕