(បាត់ដំបង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញដល់កងទ័ពទាំងអស់ ឱ្យទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយកងទ័ពត្រូវប្រឆាំងដាច់ខាតរាល់បដិវវត្តន៍ពណ៌ណាមួយ ដែលមានចេតនាផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។
ថ្លែងនៅក្នុងកម្មវិធីអបអរសាទខួប៣០ឆ្នាំ នៃការបង្កើតយោធភូមិភាគទី៥ នៅខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា បានលើកឡើងយ៉ាងដូច្នេះថា៖ «កងទ័ពនៅគ្រប់ទិសទីទាំងអស់ ត្រូវតែនាំគ្នាទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកតព្វកិច្ចរបស់ខ្លួន ដែលរស់នៅប្រទេសប្រកាន់ នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនោះ។ សម្តេចបន្តថា៖ «ក្នុងនាមយើងជាកងកម្លាំងដែលមានឈ្មោះបោះឆ្នោតត្រូវនាំគ្នាទៅបោះឆ្នោត កុំស្តាប់តាមការញុះញង់ របស់ជនមួយក្តាប់តូចនោះ»។
យ៉ាងណាក៏ដោយសម្តេចពិជ័យសេនា ក៏បានអំពាវនាវដល់កងទ័ពទាំងអស់គប្បីបោះឆ្នោតជូនដល់ គណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រមុខដឹកនាំប្រទេសបន្តទៀត ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាទៅមុខជានិរន្តរ៍។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញដល់កងទ័ពទាំងអស់ត្រូវការពារ ឱ្យបានដាច់ខាតនូវសុខសន្តិភាព ហើយមិនថាកាលៈទេសៈណានោះទេត្រូវកំចាត់ ចោលភ្លាមៗ រាល់បុគ្គលណា ដែលមានចេតនាចង់បំផ្លិតបំផ្លាញជាតិនោះ។ សម្តេចបានសង្កត់ធ្ងន់ថា «យើងតត្រូវតែការពារនូវព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះ»៕