(ភ្នំពេញ)៖ ផ្សារទំនើបព្រីនស៏ សូភើម៉ាឃីត (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Real Estate Group នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ជាមួយនឹងការបញ្ចុះតម្លៃជាង៧ម៉ឺនមុខ។
ពិធីបើកសម្ពោធផ្សារទំនើបព្រីនស៍ មានទីតាំងស្ថិតនៅជិតស្ពានអាកាសក្បាលថ្នល់ ក្នុងផ្ទៃដីប្រមាណជាង៣ពាន់ម៉ែត្រការ៉េ។
លោក ឈិន ចិពីង នាយកប្រតិបត្តិ Prince SuperMarket បានឲ្យដឹងថា សម្រាប់ផ្សារទំនើបព្រីនស៍នេះ មានទំនិញជាច្រើនជាង ៧ម៉ឺនមុខទំនិញ សម្រាប់បម្រើដល់តម្រូវការរបស់អតិថិជន ក្នុងប្រទេសផងដែរ។
លោកបានថ្លែងថា ផ្សារទំនើប Prince អាចកំណត់បានថា ជាផ្សារទំនើបប្រកបដោយភាពច្នៃប្រឌិត និងឈានមុខគេ ហើយក៏មានទស្សនវិស័យយល់ពីអតិថជន និងប្រមូលផ្តុំផលិតផលប្រកបដោយគុណភាព គុណតម្លៃ និងភាពទាន់សម័យ ដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃ។
លោកបានបញ្ជាក់ទៀតថា សព្វថ្ងៃនេះ គឺផ្សារទំនើបនេះដែរ មានតែមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ តែសម្រាប់ទៅថ្ងៃអនាគតផ្សារទំនើបនេះ នឹងមានគម្រោងធំ២ទីតាំងបន្ថែមទៀត ដែលស្ថិតនៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ ហើយសម្រាប់លក្ខណពិសេស គឺផ្សារទំនើបព្រីនស៍មានការផ្តល់ជូនពិសេស២ដងក្នុងមួយខែ។
លោកបានបន្តថា សម្រាប់លក្ខណពិសេសជាងផ្សារទំនើបផ្សេងៗទៀត គឺមាន៤ចំណុចធំៗ ដែលក្នុងនោះរួមមាន៖ ១-សេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ ២- មុខទំនិញដែលនាំចូលពី បណ្ដាលប្រទេសដូចជា ចិនថៃ និងវៀតណាម តែផ្ដោតសំខាន់គឺទៅលើទំនិញបែបចិន និងប្រជាជនខ្មែរកាត់ចិនផងដែរ ៣- តម្លៃមានការធូរ បើធៀបនិងទីផ្សារផ្សេងទៀត ៤- គឺមានការឆែកទំនិញជារៀងរាល់ថ្ងៃ ដើម្បីធនាគុណភាពជូនអតិថិជន៕
ផ្សារទំនើបព្រីនស៍ គឺស្ថិតនៅតាមបណ្តោយផ្លូវនរោត្តម ជិតស្ពានអាកាសក្បាលថ្នល់ ស្ថិតនៅជាន់ទី ៣ នៃអាគារខុនដូរ Prince Plaza ដែលមានកម្ពស់ ៣៧ ជាន់។ ផ្សារទីមួយរបស់ព្រីនស៍ បានរំពឹងយ៉ាងមុតមំាថា នឹងផ្តល់ឲ្យអតិថិជននូវបទពិសោធ នៃការដើរទិញទំនិញដោយមានគុណភាព សន្សំប្រាក់ និងការរស់នៅល្អរបស់អតិថជន៕