(ភ្នំពេញ)៖ ដើម្បីបណ្ដុះបណ្ដាល លើវិជ្ជាជីវៈអចលនវត្ថុ (វិស័យដីធ្លី) នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែរីកដុះដាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃអចលវត្ថុ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានសហការគ្នងសម្រេចដាក់បញ្ជូលកម្មវិធីសិក្សា ជំនាញអចលនវត្ថុ ចូលទៅក្នុងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបើកឲ្យសិក្សាជាផ្លូវការ នៅចុងឆ្នាំ២០១៨នេះ។
ការដាក់បញ្ជូលកម្មវិធីសិក្សា មុខជំនាញអចលនវត្ថុ ក៏ត្រូវបានចុះកិច្ចសហការព្រមព្រៀង រវាងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់លោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកបណ្ឌិត ជួន រតនៈ សាកលវិទ្យាស្ថានធិការ នៃសាលកវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបទៀតផងដែរ។
លោក ម៉ី វ៉ាន់ បានថ្លែងឲ្យដឹងថា «នេះជាលើកដំបូងសម្រាប់កម្ពុជា ដែលបានដាក់បញ្ជូលវគ្គបណ្ដុះបណ្ដាល ជំនាញអចលវត្ថុនេះ ចូលទៅក្នុងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឲ្យសិស្សសិក្សា ការដាក់បញ្ជូលនេះ ក៏ទទួលការគាំទ្រពីសំណាក់ និយ័តករវិស័យដីធ្លី និងទទួលបានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុផងដែរ»។
លោកបានបន្ដទៀតថា ដោយឡែកសម្រាប់ការបណ្ដុះបណ្ដាលជំនាញនេះ ខាងសមាគម និងសាកលវិទ្យាល័យ នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យកម្រិតសិក្សារបស់សិស្ស ទទួលបានជោគជ័យ នឹងមានការទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ មួយវិញទៀតដៃគូរសហការទាំង២ នឹងជ្រើសរើសគ្រូទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីបណ្ដុះបណ្ដាល ទៅដល់សិស្សានុសិស្សឲ្យទទួលបានចំណេះដឹង លើវិស័យនេះកាន់តែខ្លាំងក្លាដោយមុខវិជ្ជាខ្លះ ត្រូវបានបណ្ដុះបណ្ដាលដោយគ្រូជាជនជាតិខ្មែរ មានជំនាញច្បាស់លាស់ត្រឹមត្រូវ និងគ្រូមកពីបរទេស។
លោកបណ្ឌិត ជួន រតនៈ បានថ្លែងឲ្យដឹងថា ខាងសាកលវិទ្យាល័យ នឹងព្យាយាមអភិវឌ្ឍន៍នូវកម្មវិធីសិក្សាថ្មីនេះ ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ កម្មវិធីសិក្សានេះ បើកទូលាយដល់និស្សិត ដែលកំពុងសិក្សា នៅតាមសាកលវិទ្យាល័នានា ក៏ដូចជាសាកលវិទ្យាល័យសេដ្ឋកិច្ចនេះឯង នេះជាវិជ្ជាជីវៈដ៏ល្អមួយដើម្បីឲ្យពួកគាត់ យកទៅប្រកបរបការងារ ប្រកបដោយវិជ្ជាជីវៈ។
លោកបណ្ឌិត គីម ហ៊ាង បានឲ្យដឹងទៀតថា «វគ្គបណ្ដុះបណ្ដាលនេះ នឹងចាប់ផ្ដើមបើកឲ្យសិក្សាជាផ្លូវការ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។ សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ ខ្ញុំរំពឹង១០០ភាគរយ ថានឹងទទួលបានជោគជ័យខ្ពស់ ព្រោះថា បច្ចុប្បន្ននេះសមាគមមានសមាជិកជិត៧០ភាគរយស្របច្បាប់ ហើយក្រុមហ៊ុននីមួយៗមានតម្រូវការខ្ពស់ មួយវិញទៀតខាងសមាគមនឹងព្យាយាមជំរុញ ឲ្យសិស្សចូលសិក្សាលើវគ្គបណ្ដុះបណ្ដាលនេះ ត្រឹម៥០០នាក់»។
លោកបានបន្ដទៀតថា នាពេលអនាគតសមាគម គ្រោងនឹងសហការជាមួយ សាកលវិទ្យាល័យបរទេស ទៅលើមុខជំនាញនេះ ដោយសិក្សារយៈពេល២ឆ្នាំ សម្រាប់បរិញ្ញាបត្ររង និង៤ឆ្នាំសម្រាប់បរិញ្ញាបត្រ ហើយនេះជាការបើកទូលាយ ដល់សាធារណជនទូទៅសិក្សា។ មួយវិញទៀត សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏គ្រោងនឹងបើកថ្នាក់បរិញ្ញបត្រ នារយៈពេលខាងមុខនេះ ដើម្បីបន្ដឲ្យនិស្សិតដែលទើបបញ្ចប់ បាក់ឌុបអាចចូលសិក្សាបាន។
លោកបានបញ្ជាក់បន្ថែមទៀតថា «ដោយឡែកសម្រាប់តម្លៃ នៃការសិក្សាទៅជំនាញនេះ បើប្រៀបធៀបទៅនឹងបរទេស គឺតម្លៃសិក្សាថោកជាង៩០ភាគរយ មូលហេតុដែលយកតម្លៃថោក ព្រោះសមាគមមិនសំដៅលើប្រាក់ចំណេញ ប៉ុន្ដែសំដៅលើគុណភាពជាចម្បង»៕