(សៀមរាប)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសមាជិកក្រុមកាងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំណាដែលបងប្អូនពេញចិត្ត។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក ហេង រតនា ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលគ្រប់អាយុបោះឆ្នោត សរុបប្រមាណជាង៤០០នាក់ នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជាមួយគ្នានោះ លោក ហេង រតនា ក៏បានផ្ដាំផ្ញើពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសម្តេចពិជ័យសេនា ទៀ បាញ់ ដែលជានិច្ចកាលលោកតែងតែគិតគូ យកចិត្តទុកដាក់ពី បញ្ហាជីវភាព និងសេចក្តីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា មានតែសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែគិតគូរអំពីសុខទុក្ខ, ការលំបាក និងជីវភាពប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា និងតែងតែនៅជាប់ជាប្រចាំ ជាមួយប្រជាជនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។
លោក ហេង រតនា ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋផងដែរថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ស្វាគមន៍ជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ដែលកន្លងមកគិតខុស ហើយមានបំណងចង់រួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា គឺទ្វាររបស់គណបក្សប្រជាជនកម្ពុជាបើចំហរសម្រាប់បងប្អូនជានិច្ច។
ក្នុងឱកាសនោះ លោក ហេង រតនា បានប្រាប់ប្រជាពលរដ្ឋថា ការបោះឆ្នោតនាពេលខាងមុខនេះ មានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំណា ដែលបងប្អូនពេញចិត្ត ដែលអាចថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានភាពជឿនលឿនបន្តទៀត៕