(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានប្រាប់ប្រជាពលរដ្ឋថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជាបានចាប់ផ្ដើមអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីបាតដៃទទេសុទ្ធសាធ រហូតដល់មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនដូចសព្វថ្ងៃនេះ។
ការថ្លែងរបស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង២៧០០ម៉ែត្រ ស្ថិតនៅភូមិជ្រៃ ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។
លោកអភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា សភាពការណ៍ជារួមរបស់ប្រទេសជាតិនាពេលកន្លងមក គឺមានការកសាង និងអភិវឌ្ឍន៍ប្រទេស ដោយឥតមានពេលស្រាក់ស្រាន្ដឡើយ ដែលផ្ដើមចេញការអភិវឌ្ឍន៍ប្រទេសចេញពីបាតដៃទទេ ដែលនេះគឺជាការខិតខំប្រឹងប្រែងឥតឈប់ឈរ របស់សម្ដេចតេជោ ហ៊ុន សែន។
បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង បានណែនាំ និងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការឃោសនាអកុសល់ គ្រប់រូបភាពរបស់ក្រុម ឬបក្សពូកប្រឆាំង ហើយយើងមានការសោកស្ដាយណាស់ ដែលក្រុមប្រឆាំងតែងតែខិតខំព្យាយាមបំផ្លាញ បង្ខូចនូវកិត្តិយស និងកិត្យានុភាពទាំងព្រះពុទ្ធសាសនា និងសង្គមជាតិ ដោយយកសាសនាជាខែល ក្នុងការបំពេញនូវសេចក្ដីលោភលន់ និងមហិច្ឆិតារបស់ពួក និងបក្សប្រឆាំងខ្លួន នៅលើឆាកជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់រហូតមក។
លោកក៏បានគូសបញ្ជាក់ជាថ្មីទៀតថា ជារៀងរហូតមក គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានខិតខំតស៊ូ ព្យាយាមយ៉ាងពិតប្រាកដ នៅគ្រប់ការលំបាក និងកាលៈទេសៈក្នុងការរំដោះ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ រហូតមានសុខ សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើន៕