(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនី គ្រប់រោងចក្រទាំងអស់ កុំរើសអើងចំពោះកម្មករ-កម្មការិនី ដែលមានផ្ទុកមេរោគអេដស៍ ដោយត្រូវលើកទឹកចិត្តគ្នា ឲ្យចេះការពារកុំឲ្យមានការឆ្លងបន្ថែម ទៅកាន់អ្នកដទៃទៀត។
ការថ្លែងអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន បន្ដអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ-កម្មការិនី សរុប២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងមិនរើសអើង ចំពោះអ្នកដែលមានជំងឺអេដស៍ ដែលធ្វើការជាមួយយើងនៅតាមរោងចក្រទេ ខ្វះអីអ្នកដែលមានជំងឺអេសដ៍ ដែលធ្វើការនៅតាមរោងចក្រ មិនត្រូវរើសអើងទេ ក៏ប៉ុន្ដែយើងត្រូវចេះដាស់តឿនគ្នា ត្រូវចេះការពារគ្នា កុំឲ្យមានការឆ្លងបន្ថែម ទៅកាន់អ្នកដទៃ នោះហើយ គឺជាបណ្ដាំដែលពូ ចង់ផ្ដាំទៅចំពោះក្មួយៗ»។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើឲ្យកម្មករ កម្មការិនីទាំងអស់ត្រូវចេះសាមគ្គីគ្នា ទាំងជាមួយកម្មករ កម្មការិនីគ្នាឯង ទាំងជាមួយប្រធានផ្នែក ប្រធានក្រុម និងនាយកគ្រប់គ្រង ដើម្បីឲ្យការងារបានដំណើរដោយរលូន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា «បើសិនជាធ្វើបានយ៉ាងដូច្នេះ គឺរោងចក្ររបស់យើង ក្លាយទៅជាសហគមន៍ដ៏សុខសាន្ដ។...វាបង្កើតបាននូវជាស្ថានភាពដ៏ល្អប្រសើរ សម្រាប់រយៈពេលវែង ព្រោះយើងមិនមែនត្រូវការ ធ្វើការក្នុង១ខែ ឬ២ខែទេ យើងត្រូវធ្វើការរាល់ឆ្នាំ ហើយយើងត្រូវការដោះស្រាយ ការងារធ្វើឲ្យប្អូនៗរបស់យើង ឲ្យកូនៗរបស់យើង នៅពេលក្រោយទៀតផង ដូច្នេះត្រូវធ្វើយ៉ាងណា ដើម្បីរក្សាទុកនូវរោងចក្រ នៅក្នុងប្រទេសរបស់យើងតទៅទៀត តាមរយៈការខិតខំទាំងអស់គ្នា»។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ដើម្បីឲ្យកម្មករ-កម្មការិនី ទទួលបានការងារធ្វើ និងទទួលបានសេចក្តីសុខ ដូចពេលបច្ចុប្បន្ននេះ គឺជីដូនជីតា និងឪពុកម្តាយ បានធ្វើពលីកម្មច្រើនណាស់ ជាមួយសម្តេច ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើចលនាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមតាមរយៈ នយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមការពារនូវសុខសន្តិភាព ដែលរកមកបានដោយលំបាកនេះ ហើយដើម្បីរក្សាបាននូវសុខសន្តិភាពនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការស្រេចទៅហើយ។ សម្តេចបានបញ្ជាក់ថា មានសន្តិភាពមកដល់ពេលនេះ គឺបាតដៃរបស់សម្តេច ជាមួយឪពុកម្តាយ ជីដូនជីតារបស់កម្មករ-កម្មការិនី ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា៕