(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានថ្លែងថា អាជ្ញាធរខេត្តកំពង់ចាម បានចាត់ទុកបទល្មើសគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ជាសត្រូវទី១ ដែលត្រូវចាត់វិធានការទប់ស្កាត់។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាបង្ការ និងព្យាបាលបញ្ហាគ្រឿងញៀន នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណវិទ្យាល័យបុសខ្នុរ ភូមិទី១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះលោក គួច ចំរើន បានថ្លែងថា សត្រូវទី១ របស់អាជ្ញាធរខេត្ត គឺបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថា្នក់ចរាចរណ៍។ លោកបន្តថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានឆក់យកអាយុជីវិត និងធ្វើឲ្យមានរបួសប្រជាពលរដ្ឋជាច្រើននាក់ក្នុងមួយឆ្នាំៗ ហើយក្នុងនោះ ក៏មានការខូចខាតទ្រព្យសម្បត្តិ ពិសេសយាន្តជំនិះជាច្រើនផងដែរ។
លោកអភិបាលថ្លែងថា ក្នុងឆ្នាំ២០១៨ គិតត្រឹមខែមិថុនានេះ មានប្រជាពលរដ្ឋចំនួន៥៣នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តកំពង់ចាម នោះសមត្ថកិច្ចមិនទាន់គិតពីអ្នករងរបួស ផងទេ ហើយប្រការនោះ ទើបនៅក្នុងខែឧសភា កន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តកំពង់ចាម បានបង្កើតគណៈកម្មការ ប្រជុំស្រាវជ្រាវរកដំណោះស្រាយកាត់បន្ថយ នៃគ្រោះថ្នាក់ចរាចរណ៍នេះ។
ឆ្លងតាមការប្រជុំគណៈកម្មការ បានដាក់ការសង្ស័យទៅលើអ្នកបើកបរ ពិសេសអ្នកបើកបររថយន្តធំៗ អាចមានជាប់សារជាតិញៀន ទើបពួកគេ បើកបរដោយធ្វេសប្រហែសដូច្នេះ បន្ទាប់មក គណៈកម្មការខេត្តបានដាក់ចេញនូវវិធានការដោយធ្វើការត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តធំៗ ហើយបានរកឃើញថា មានអ្នកបើកបរមួយចំនួនមានសារជាតិញៀន ដែលក្នុងនោះ សមត្ថកិច្ចបានរកឃើញជាបន្តបន្ទាប់ ដោយលើកទី១ លើកទី២ លើកទី៣ និងលើកទី៤ សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ និងបានចែកថ្នាំបន្សាប អោយត្រឡប់ទៅផ្ទះវិញ ប៉ុន្តែ អ្នកបើកបរដែលរកឃើញ លើកទី៥ សមត្ថកិច្ច បានបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
លោកអភិបាលខេត្ត បានរំលឹកដែរថា នៅក្នុងឆ្នាំ២០១៧កន្លងទៅ សមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនជា៤០០ករណី និងឃាត់ខ្លួនជនសង្ស័យជាង១០០០នាក់ ហើយការបង្ក្រាបទាំងនោះ គឺអាជ្ញាធរខេត្ត មិនចង់អោយមានបញ្ហាគ្រឿងញៀនចរាចរ លើទឹកដីខេត្តកំពង់ចាម ក្នុងគោលបំណងបញ្ជៀស ការគ្រោះថ្នាក់ នៃសារជាតិញៀនដល់ប្រជាពលរដ្ឋ។
ជាងនេះទៅទៀត សមត្ថកិច្ចយើងបានធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ តាមបណ្តាក្រុង ស្រុកក្នុងខេត្តកំពង់ចាម បញ្ជ្រៀបការយល់ដឹងអំពីការគ្រោះថ្នាក់នៃគ្រឿងញៀននោះ។
នៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាបង្ការ និងព្យាបាលបញ្ហាគ្រឿងញៀន អាជ្ញាធរខេត្តកំពង់ចាម បានដុតកម្ទេចថ្នាំញៀនទម្ងន់១៥៨.៥៥ក្រាមផងដែរ៕