(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹង ស្តីពីយន្តការសវនកម្ម ក្រោយពេលបញ្ចេញពីគយ (PCA) នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីតំណាងវិស័យឯកជននានា ដូចជាសភាពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរ សមាគមដឹកជញ្ជូន ធុរជនជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីសវនករគយសរុបប្រមាណ២០០នាក់។
លោក នួន ច័ន្ទរិទ្ធ បានថ្លែងគូសបញ្ជាក់ពីវឌ្ឍនភាព និងទស្សនទាន នៃការអនុវត្តគោលនយោបាយ នៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈ ការគ្រប់គ្រងហានិភ័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើមូលដ្ឋានសំខាន់មួយចំនួន មានជាអាទិ៍ ការធ្វើស្វ័យប្រវត្តិកម្មគយ ការលើកទឹកចិត្តដល់ធុរជន ដែលមានអនុលោមភាពខ្ពស់ ការកាត់បន្ថយការយឺតយ៉ាវ ក្នុងការបំពេញបែបបទគយ និងការកាត់បន្ថយរបាំងពន្ធ និងមិនមែនពន្ធនានាឲ្យអស់លទ្ធភាព។
លោកបានបញ្ជាក់ថា ការលើកកម្ពស់ការយល់ដឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងរដ្ឋបាលគយ និងសហគមន៍ធុរកិច្ចក្នុងក្របខណ្ឌ នៃការអនុវត្តកម្មវិធី យុទ្ធសាស្រ្តកំណែទម្រង់ និងទំនើបកម្មគយរយៈពេលមធ្យម២០១៤-២០១៨ បានផ្ដល់ផ្លែផ្កាជាបន្តបន្ទាប់លើកិច្ចការគយ ដូចជា ការងារកំណត់តម្លៃគិតពន្ធគយ ការងារគ្រប់គ្រងហានិភ័យគយ និងការងារសវនកម្មក្រោយ ពេលបញ្ចេញទំនិញពីគយ។
វឌ្ឍនភាពទាំងនេះ កំពុងក្លាយជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមចំណែកលើកកម្ពស់អនុលោមភាពច្បាប់ ជាពិសេសវប្បធម៌ពន្ធដារ ក្នុងសង្គមកម្ពុជា ដើម្បីធានាបរិស្ថានធុរកិច្ចសមធម៌មួយ ដែលជាផ្នែកមិនអាចខ្វះបានក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅ នៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការលើកកម្ពស់ប្រសិទ្ធភាព នៃការទាក់ទាញវិនិយោគ និងសមត្ថភាពប្រកួតប្រជែងធុរកិច្ចនៅកម្ពុជា។
ការកាត់បន្ថយនីតិវិធីត្រួតពិនិត្យ នាមាត់ច្រកព្រំដែន មកបំពេញបន្ថែមតាមរយៈយន្តការ សវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ អាចសម្រេចបាននូវ គោលបំណងពីរព្រមគ្នា ក្នុងការរក្សាតុល្យភាព រវាងការផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម និងការធានាបាននូវអនុលោមភាពច្បាប់។
លោក នួន ច័ន្ទរិទ្ធ បានគូសបញ្ជាក់ថា ស្ថិតក្រោមប្រព័ន្ធសវនកម្មគយនេះ រដ្ឋបាលគយមានសិទ្ធិអំណាច ក្នុងការត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ របាយការណ៍ ហិរញ្ញវត្ថុ និងកំណត់ត្រាផ្សេងៗ ពាក់ព័ន្ធនឹងពាណិជ្ជកម្មរបស់ធុរជន អនុលោមតាមបទប្បញ្ញត្តិជាធរមាន។ ទន្ទឹមនេះ ធុរជននានា មានកាតព្វកិច្ចរក្សាឯកសារ ពាក់ព័ន្ធនឹងការនាំចេញ-នាំចូល របស់ខ្លួនរយៈពេល១០ឆ្នាំ សម្រាប់បង្ហាញ និងផ្តល់ជូនមន្ដ្រីសវនករគយពិនិត្យ។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ ចំពោះកិច្ចសហការគាំទ្ររបស់វិស័យឯកជន ជាបន្តបន្ទាប់ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មគយ កន្លងមក ក៏ដូចជាចំពោះតំណាងធុរកិច្ចនៅកម្ពុជា ដែលមានវត្តមានក្នុងសិក្ខាសាលានេះផងដែរ៕