(ភ្នំពេញ)៖ ក្រុមការងាររៀបចំផែនការលម្អិត និងអាជ្ញាធរពាក់ព័ន្ធ ដែលមានសាលារាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងអង្គការ JICA របស់ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើកិច្ចសហប្រតិ្តបត្តិការបច្ចេកទេស សម្រាប់គម្រោងការអភិវឌ្ឍន៍សមត្ថភាពលើ ការងារគ្រប់គ្រង ប្រព័ន្ធប្រឡាយ-លូ នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងសមត្ថភាពដល់ មន្ត្រីជំនាញក្នុងការទ្រទ្រង់ដំណើរការ កែលម្អបរិស្ថាន ក៏ដូចជា ការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ នាពេលអនាគត។
ពិធីចុះហត្ថលេខានេះបានសម្រេចបង្កើត «គណៈកម្មការធិការសម្របសម្រួលរួម និងគណៈកម្មាធិការបច្ចេកទេស» ហៅកាត់ថា JCC និង TC រៀងៗខ្លួន។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានឯកភាពទទួលយកគម្រោងផែនការម៉ាទ្រីច (Project Design Matrix) របស់ក្រុមជំនាញការ ដែលបានគ្រោងសម្រាប់ការអនុវត្តគម្រោងនាពេលខាងមុខ។
គម្រោងផែនការម៉ាទ្រីចនេះ នឹងប្រើប្រាស់សម្រាប់ធ្វើជា ឧបករណ៍ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងតាមដានលើការងារគ្រប់គ្រងប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ។ សម្រាប់គម្រោងនេះ អាចនឹងកែសម្រួលទៅតាមតម្រូវការ ក្នុងអំឡុងពេលនៃដំណាក់កាល អនុវត្តគម្រោង ដោយមានការពិគ្រោះយោបល់គ្នាទៅវិញ ទៅមករវាងភាគីកម្ពុជា និង JICA។
លោក ឃួង ស្រេង បានថ្លែងថា «ពិធីចុះហត្ថលេខានេះ មានសារសំខាន់ ក្នុងការពង្រឹងសមត្ថភាព ដល់មន្ត្រីជំនាញដើម្បីទ្រទ្រង់ដល់ដំណើរការ កែលម្អបរិស្ថាន ក៏ដូចជា ការអភិវឌ្ឍ នៅរាជធានីភ្នំពេញនាពេលអនាគត»។
លោកបណ្ឌិត អិតូ អិមប៉េអិ ប្រធានគ្រប់គ្រងបរិស្ថានក្រុមការងារទី១ នៃនាយកដ្ឋានបរិស្ថានសកល JICA បានលើកឡើងថា «រដ្ឋាភិបាលជប៉ុន តែងតែសហការជាមួយរដ្ឋាភិបាលកម្ពុជា។ ស្ថាប័នទាំងពីរ មានការសហការគ្នាយ៉ាងល្អលើវិស័យនេះ ទោះបីជាស្ថាប័ននីមួយៗ មានការអភិវឌ្ឍផ្សេងៗគ្នា។ យ៉ាងណាក៏ដោយ តែសម្រាប់ព័ត៌មាន ក៏ដូចជា បញ្ហាសហការនានា គឺបានផ្លាស់ប្តូរគ្នា និងបានសហការ យ៉ាងជិតស្និត»។
ប្រធានគ្រប់គ្រងរូបនេះបន្តថា អង្គការ JICA មិនត្រឹមតែធ្វើការងារអភិវឌ្ឍន៍គម្រោង ផ្នែកបច្ចេកទេសនោះទេ ក៏ប៉ុន្តែមានគម្រោងជំនួយឥតសំណងជាច្រើនទៀត ដែលធ្វើការងារ ដើម្បីអភិវឌ្ឍន៍ ក្នុងរយៈពេលវែងដែលសហប្រត្តិការ នៃស្ថាប័នទាំងពីរក៏មានសារសំខាន់។
លោកបណ្ឌិតបន្ថែមថា ជប៉ុនតាមរយៈអង្គការ JICA ក៏បានសម្រេចចិត្តគាំទ្រ និងផ្តល់ជំនួយសម្រាប់គម្រោងនេះ រយៈពេល៤ឆ្នាំ តាំងពីចាប់ផ្តើមអនុវត្តគម្រោងដែលសហការ ជាមួយក្រសួងសាធារណការ ក៏ដូចជាសាលារាជធានីភ្នំពេញ៕