(ជប៉ុន)៖ ការប្រកួតបាល់ទាត់ពិភពលោក World Cup ដែលកំពុងប្រព្រឹត្តទៅនៅរុស្ស៊ី កំពុងដើរតួនាទីដ៏សំខាន់ជាក្បាលម៉ាស៊ីន ជំរុញសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ជាបណ្តោះអាសន្ន។
ដោយជប៉ុនកំពុងប្រកួតក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup នៅរុស្ស៊ី ហើយផ្សារទំនើបជាច្រើននៅទូទាំងជប៉ុន ត្រូវបានគេកែច្នៃឱ្យទៅជាសួនបាល់ទាត់បណ្តោះអាសន្ន សម្រាប់ឱ្យអ្នកទេសចរ និងពលរដ្ឋជប៉ុន បានកំសាន្តសប្បាយជាមួយនឹងទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ នៃការប្រកួត World Cup នេះ។
បើយោងតាម លោក តូស៊ឺហ៊ីរ៉ូ ណាហ្កាហាម៉ា សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវជីវិតតាយអ៊ីឈី ការឈ្នះរបស់ជប៉ុន ទៅលើក្រុមរបស់ប្រទេសកូឡុំប៊ី ក្នុងការប្រកួតបាល់ទាត់ពិភពលោកនេះ បាននាំមកដោយផ្ទាល់ នូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាទឹកប្រាក់ប្រហែល១៩៦លានដុល្លារអាមេរិក ពីការទស្សនាការប្រកួត និងការទិញវត្ថុអនុស្សាវរិយ៍។
នៅឯតំបន់អ្នកគាំទ្របាល់ទាត់មួយ នៅសង្កាត់ អូដាយប៉ា ក្នុងទីក្រុងតូក្យូ ពលរដ្ឋជប៉ុន និងអ្នកទេសចរបរទេស បានមកមើលការប្រកួត ចូលរួមក្នុងសកម្មភាពផ្សេងៗ ព្រមទាំងពិសារអាហារជប៉ុនផងដែរ។ ចំនុចដែលមានភាពទាក់ទាញបំផុតនៅតំបន់នេះ គឺស្តង់វ៉ែនតានិម្មិត ដែលផ្តល់ជូនអ្នកគាំទ្រនូវបទពិសោធន៍ទាត់បាល់ ដែលដូចទៅនឹងការឈរ ក្នុងតារាងបាល់ទាត់ពិតប្រាកដដែរ។
អ្នករៀបចំកម្មវិធីម្នាក់និយាយថា «មិនថាជនជាតិជប៉ុន ឬអ្នកទេសចរបរទេសនោះទេ ពួកគាត់សុទ្ធតែអាចកំសាន្តសប្បាយបាននៅទីនេះ។ សូម្បីតែថ្ងៃអាទិត្យ ក៏យើងមានមនុស្សជិត១៥០០នាក់មកកំសាន្តទីនេះដែរ ហើយពួកគេអាចទទួលបានបទពិសោធន៍ ធ្វើជាអ្នកចាំទីបានទៀតផង ដោយប្រើវ៉ែនតានិម្មិតនេះ។ បច្ចេកវិទ្យានេះពិតជាល្អណាស់»។
បច្ចេកវិទ្យាថ្មីនេះ ក៏បានទាក់ទាញអ្នកដែលមិនសូវស្គាល់កីឡានេះដែរ។
ប្រជាពលរដ្ឋមួយរូបនៅក្រុងតូក្យូ និយាយថា «ខ្ញុំរំភើបចិត្ត ពេលមើលការប្រកួតបាល់ទាត់ពិភពលោក។ ខ្ញុំបានរកឃើញកន្លែងនេះនៅ អូដាយបា ដោយចៃដន្យ ហើយក៏ចូលចិត្តទីនេះតែម្តង។ ពីមុនមក ខ្ញុំមិនដែលធ្លាប់លេងបាល់ទេ ហើយនេះជាលើកទីមួយ ហើយដែលខ្ញុំធ្វើជាអ្នកចាំហ្គោន។ ខ្ញុំឧស្សាហ៍លេងបាល់បោះ។ អារម្មណ៍ដែលទប់បាល់ជាប់ គឺស្រដៀងគ្នាទៅនឹងអារម្មណ៍ចាប់បាល់បោះដែរ គឺពិតជាសប្បាយមែន»។
អ្នកទេសចរជនជាតិអង់គ្លេសម្នាក់និយាយថា «ខ្ញុំមកពីប្រទេសអង់គ្លេស ហើយមានមិត្តខ្ញុំខ្លះ ដែលចង់មើលការប្រកួតរបស់ក្រុមអង់គ្លេស។ ខ្ញុំបានមើលការប្រកួតនេះ៣-៤ដងដែរ តែក៏ខកខានមិនបានមើលពេលអង់គ្លេស ប្រកួតជាមួយប៉ាណាម៉ា ដោយសារកាលណោះខ្ញុំកំពុងជិះយន្តហោះមកលេងជប៉ុន។ ទីនេះគឺពីតជាល្អណាស់ ហើយបន្តិចទៀត ខ្ញុំនឹងទៅសាកទាត់បាល់នៅកន្លែងនោះហើយ។ វាពិតជាគួរឱ្យចាប់អារម្មណ៍មែន»៕ (សារព័ត៌មាន CCTV របស់ចិន)