(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ប្រាប់កម្មករ-កម្មការិនីសារជាថ្មីថា កម្ពុជាមានសន្តិភាព មានការស្ថិរភាព មានការអភិវឌ្ឍមកដល់ពេលនេះ គឺបានមកដោយសារបាតដៃរបស់សម្តេច និងឪពុកម្តាយ ជីដូនជីតារបស់ពួកគេ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលតាមរយៈនយោបាយឈ្នះ-ឈ្នះ។
សម្តេចតេជោថ្លែងថា ដើម្បីឱ្យកម្មករ-កម្មការិនីទទួលបានការងារធ្វើ និងទទួលបានក្តីសុខដូចពេលបច្ចុប្បន្ននេះ គឺជីដូនជីតា និងឪពុកម្តាយ បានធ្វើពលីកម្មច្រើនណាស់ ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើចលនាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព។
សម្ដេចនាយរដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ពូចង់ផ្ដាំផ្ញើនៅទីនេះ មិនខុសពីពូបានផ្ដាំផ្ញើនៅកន្លែងដទៃទេ ពូពិតជាសប្បាយរីករាយជាមួយនឹងអ្វីៗដែលក្មួយៗបាននិងកំពុងទទួល ប៉ុន្តែក្មួយត្រូវចាំឱ្យច្បាស់ ដើម្បីបាននូវការងារសម្រាប់ក្មួយៗ ដើម្បីក្មួយបាននូវសេចក្ដីសុខ ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗបានប្រឹងប្រែងធ្វើពលីកម្មខ្លាំងណាស់ ដើម្បីនាំមកនូវ សន្តិភាពសម្រាប់ប្រទេសរបស់យើងនេះ ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗនោះហើយ ដែលជាអ្នកគាំទ្រគណបក្សប្រជាជន ដែលជាអ្នកគាំទ្រពូក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅនេះ តាំងពីចលនាផ្ដួលរំលំរបបប៉ុលពត ចេញរបបប៉ុលពតទប់ស្កាត់ការវិលត្រលប់របបប៉ុលពត ការធ្វើសកម្មភាពដើម្បីឆ្ពោះទៅរំលត់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ និងការគាំទ្រដទៃទៀត ដើម្បីឱ្យគណបក្សប្រជាជន ឱ្យពូមានលទ្ធភាពដឹកនាំ ទម្រាំមានថ្ងៃនេះ ឪពុកម្ដាយ ជីដូនជីតារបស់ក្មួយៗបានធ្វើពលីកម្មច្រើនណាស់ជាមួយនឹងពូ ដូច្នេះមិនចាំបាច់ដឹងគុណពូទេ មិនចាំបាច់ដឹងគុណគណបក្សប្រជាជនទេ ដឹងគុណតែចំពោះជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ»។
សម្ដេចបានបន្តថា ទោះបីពេលនេះ កម្មករមានប្រាប់ខែទាប់នៅឡើយ ប៉ុន្តែបើប្រៀបធៀបជាមួយជីដូនជីតា ឪពុកម្ដាយរបស់ពួកគេ គឺខុសគ្នាដាច់ឆ្ងាយ ដែលពួកគាត់ត្រូវរត់លូនគេចពីសង្គ្រាម រងគ្រោះក្នុងសង្គ្រាម អ្នកខ្លះត្រូវក្លាយជាទាសករសង្គ្រាម ត្រូវរងការកាប់សម្លាប់យ៉ាងព្រៃផ្សៃ។
ប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៀតថា នៅពេលប្រជាពលរដ្ឋរីករាយ មិនសូវជាមានវត្តមានសម្តេចទេ តែពេលប្រជាពលរដ្ឋជួបទុក្ខលំបាក ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម តែងតែមានវត្តមានសម្តេចជានិច្ច។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនី ចូលរួមការពារនូវសុខសន្តិភាព ដែលរកមកបានដោយលំបាកនេះ ដើម្បីបន្តការអភិវឌ្ឍប្រទេសដ៏កម្សត់មួយនេះ ហើយគ្មានអ្វីលំបាកទេ ឱ្យតែសម្រេចចិត្តត្រូវ សន្តិភាពនឹងត្រូវបានធានាហើយ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការស្រេចទៅហើយ។
សូមជម្រាបថា សម្តេចតេជោថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុប ២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា គ.ស២០១៨៕