(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនបុរសជនជាតិម៉េឡេស៊ីចំនួន៤នាក់ និងស្រ្តីជាជនជាតិខ្មែរម្នាក់ ដែលជាអ្នកបកប្រែ ពាក់ព័ន្ធសកម្មភាពរបស់ពួកគេ បានដើរចងការប្រាក់ពីប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយធ្វើការដកហូតសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ចំពោះសកម្មភាពទាំងនេះ ពិតជាធ្វើឲ្យមានផលលំបាក និងការប៉ះពាល់ដល់ប្រជាពលរដ្ឋសម្រាប់ការទៅបោះឆ្នោត ពីព្រោះអត្តសញ្ញាណប័ណ្ណ ត្រូវបានក្រុមទាំងនេះ ដកហូតយកទៅទុកបាត់នោះ។
លោកស្នងការខេត្តកំពត បានបន្ថែមថា នៅម៉ោង៥ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួន ជនជាតិម៉ាឡេស៊ីចំនួន២នាក់ និងស្រ្តីខ្មែរម្នាក់ (ជាអ្នកបកប្រែ) បានធ្វើសកម្មភាពដើរដាក់ប្រាក់យកចុងការ ពីប្រជាពលរដ្ឋនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ចំនួន៤នាក់រួមមាន៖
ទី១៖ ឈ្មោះ មុំ លក្ខណា, ទី២៖ ឈ្មោះ ដៀប ជុំ, ទី៣៖ ឈ្មោះ យន់ អាយងីន និងទី៤៖ ឈ្មោះ នូ ថា (អ្នកទាំងបួននេះរស់នៅភូមិឃុំខាងលើ) បាននាំគ្នាចងការប្រាក់ពីជនជាតិម៉ាឡេស៊ី ក្នុងម្នាកៗ ចំនួន ៥០០$ ដោយដាក់យកសៀវភៅគ្រួសារ និងអត្ដសញ្ញាណប័ណ្ណ ហើយក្នុង១ថ្ងៃ ត្រូវបង់ថ្លៃការចំនួន៥៣.៣០០រៀលបង់រយៈពេលចំនួន៣៧ថ្ងៃទើបឈប់បង់។
តាមការសាកសួរជនសង្ស័យឈ្មោះ ONG CHUNMING អាយុ៣២ឆ្នាំ បានបញ្ជាក់ថា ខ្លួនជាបុគ្គលិកក្រុមហ៊ុនស៊ាង ហ៊ី ដោយក្រុមហ៊ុនបានចាត់ឲ្យក្រុមខ្លួនមានគ្នាចំនួន៥នាក់ និងស្រ្តីខ្មែរម្នាក់ ជាអ្នកបកប្រែ ចុះមកខេត្តកំពត តាំងពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ដើម្បីដើរដាក់ប្រាក់ចងការ ដោយតម្កល់ទុក សន្លឹកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ។
តាំងពីបានធ្វើសកម្មភាព នៅក្នុងឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ រហូតមកទល់ពេលបច្ចុប្បន្ននេះ បានចំនួនប្រមាណ៤០នាក់ ហើយបានប្រគល់សន្លឹកអត្តសញ្ញាណប័ណ្ណ ឲ្យម្ចាស់ដើមវិញបានចំនួន២០នាក់ នៅសល់ចំនួន២០នាក់ទៀត មិនទាន់ប្រគល់ ដោយសារមិនទាន់សងប្រាក់គ្រប់ចំនួនវិញ។ តាមរយៈចម្លើយនេះ កម្លាំងនគរបាល បានឈានទៅឃាត់ខ្លួនគូកនចំនួន២នាក់ បន្ថែមទៀត សរុបទាំងអស់ចំនួន៥នាក់ ជាជនជាតិម៉ាឡេស៊ីចំនួន៤នាក់ និងស្រ្តីខ្មែរម្នាក់។
ជនសង្ស័យទាំង៥នាក់រួមមាន៖
ទី១៖ ONG CHUN MING
ទី២៖ TONG KOK HOE
ទី៣៖ CHIN CHING ANN
ទី៤៖ OO BOON CHEW
ទី៥៖ KY PANHATEAN។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា នៅទូទាំងខេត្តកំពតនគរបាលរបស់លោក បានរកឃើញមានប្រជាពលរដ្ឋប្រមាណ៦០នាក់ ហើយដែលបានចងការប្រាក់ពីក្រុមម៉ាឡេស៊ី និងបានទុកអត្តសញ្ញាណប័ណ្ណទៅលើក្រុមនេះ៕