(កោះកុង)៖ អង្គភាពគាំពារជនរងគ្រោះ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានរៀបចំការតាំងពិព័រណ៍ចល័ត លើកទី៣ ស្តីពីអាពាហ៍ពិពាហ៍ដោយបង្ខំ ក្នុងរបបខ្មែរក្រហម នៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាមហោស្រប ខេត្តកោះកុង ក្រោមវត្តមានលោក ហង្ស វណ្ណៈ ប្រធានអង្គភាពគាំពារជនរងគ្រោះនៃ អ.វ.ត.ក, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មន្ត្រីរាជការគ្រប់ស្ថាប័ន លោកគ្រូ-អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។
ក្នុងការតាំងពិពរណ៌ចល័ត ស្តីពី អាពាហ៍ពិពាហ៍ដោយបង្ខំ នឹងការបញ្ចាំងភាពយន្ត «មុនដំបូងគេសម្លាប់ប៉ាខ្ញុំ» ក្នុងគោលបំណងផ្តល់ឱកាសឲ្យអ្នកចូលរួម បានដឹងរឿងរ៉ាវឈឺចាប់ របស់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ផលប៉ះពាល់ នៃការរៀបអាពាហ៍ពិពាហ៍ ដោយបង្ខំដែលរៀបអាពាហ៍ពិពាហ៍ម្តងរហូតដល់១២គូ។
លោក ហង្ស វណ្ណៈ បានថ្លែងថា ពុកម៉ែបងប្អូន ត្រូវចាំកាលពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្នុងរបបខ្មែរក្រហមប្រជាជនកម្ពុជា រស់នៅពោរពេញដោយភាពឈឺចាប់ និងទុក្ខវេទនាជាទីបំផុត ព្រោះខ្មែរក្រហមបានប្រើមនុស្សទាំងអស់ រាប់ទាំងស្រ្តីកុមារព្រះសង្ឃដូនជី ឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ មិនមានចំណីអាហារហូបគ្រប់គ្រាន់ ពេលមានជំងឺគ្មានថ្នាំសង្កូវ និងពេទ្យព្យាបាលឲ្យបាន ត្រឹមត្រូវឡើយ។
លោក ហង្ស វណ្ណៈ បានថ្លែងបន្តថា ប្រមាណជាង៣០ឆ្នាំ ក្រោយពីរបបនេះដួលរលំ មកគ្មាននរណាម្នាក់ ចេញមុខមកទទួលខុសត្រូវ នឹងទទួលទោសកំហុសដែលខ្លួនបានប្រព្រឹត្តឡើយ។ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នដែលមានគោលការណ៍ គោរពលទ្ធិប្រជាធិតេយ្យសេរីភាព និងសិទ្ធិមនុស្សបានសហការជាមួយនឹ ងអង្គការសហប្រជាជាតិ បង្កើតឡើងនូវអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (ហៅកាត់ថា សាលាក្តីខ្មែរក្រហម) ដោយបានលេចចេញ ជារូបរាងពិប្រាកដក្នុងឆ្នាំ២០០៦។
សាលាក្តីខ្មែរក្រហមនេះ បង្កើតឡើងក្នុងគោលបំណង នាំមនុស្សទាំង២ជំពូក មេដសកនាំខ្មែរក្រហមជាន់ខ្ពស់បំផុត នឹងអ្នកទទួលខុសត្រូវជាន់ខ្ពស់ ក្នុងរបបខ្មែរក្រហមមកផ្តន្ទាទោស ព្រមទាំងរក្សាឲ្យបានការផ្សះផ្សាជាតិ ក្នុងសង្គមកម្ពុជា។ រហូតមកដល់ពេលបច្ចុប្បន្ននេះ សាលាក្តីខ្មែរក្រហម បានបិតបញ្ចប់សំណុំរឿងលេខ០០១ពាក់ព័ន្ធ នឹងឧក្រិដ្ឋកម្ម នៅក្នុងគុកទួលស្លែង ដែលមានលោកកាំងហ្កេចអាវ (ហៅឌុច) ជាអ្នកទទួលខុសត្រូវ។ ទណ្ឌិតកាំងហ្គេចអ៑ាវ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ហើយបច្ចុប្បន្នកំពង់ទទួលទោសរបស់ខ្លួន នៅពន្ធនាគារខេត្តកណ្តាល។
លោកបានបញ្ជាក់ថា បច្ចុប្បន្នភាពរាជរដ្ឋាភិបាលកម្ពុជា តែងគាំទ្រជានិច្ចនូវដំណើរការ នៃការកាត់ក្តីលើអតីតៈមេដឹកនាំខ្មែរក្រហម នឹងការអនុវត្តន៍កម្មវិធី នឹងគម្រោងផ្សេងៗ ក្នុងក្របខ័ណ្ឌច្បាប់របស់ អ.វ.ត.ក។
លោកបានថ្លែងអំណរគុណ សម្រាប់ការជួបជុំនៅថ្ងៃនេះ ចំពោះថ្នាក់ដឹកនាំខេត្តសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋជាពិសេសសិស្សនិស្សិត និងបានទទួលព័ត៌មាន នៃការនិវត្តន៍ថ្មីៗ នៅ អ.វ.ត.ក ជាពិសេស ព័ត៌មានទាក់ទង និងគម្រោងសំណង ក្នុងសំណុំរឿងលេខ០០២ ដំណាក់កាលទី២ និងបានរៀនសូត្រនូវអ្វី ដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់ ដើម្បីជាការចងចាំ និងសម្រាប់ការស់នៅបច្ចុប្បន្ន ប្រកបដោយការរីករាយ និងការធ្វើដំណើរឆ្ពោះទៅមុខ ប្រកបដោយភាពភ្លឺស្វាង និងមោទនៈភាព៕