(កំពង់ចាម)៖ បុរសជនជាតិឥស្លាមពីរនាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទលួចសត្វគោ ដែលការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចស្ពានត្រស់ ភូមិបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
មន្ត្រីនគរបាលបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីឈ្មោះ ឯក ចាន់ណាក់ មានទីលំនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាមថា មានចោរលួចគោចំនួន២ក្បាល ដាក់លើរថយន្ត នៅចំណុចភូមិខែលជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលកំពុងចងឲ្យស៊ីស្មៅ។
បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម បើកកិច្ចប្រតិបត្តិការ តាមរហូតដល់ចំណុចស្ពានត្រស់ ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់៖
ទី១៖ ឈ្មោះ ឡេះ រ៉ូសេត អាយុ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានមុខរបរលក់-ទិញគោ និងកាប់គោយកសាច់លក់ មានស្រុកកំណើត ភូមិព្រែកតានង់ក្រៅ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នមានទីលំនៅផ្ទះលេខ៥៥ ក្រុមទី២ គីឡូលេខ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
ទី២៖ ឈ្មោះ យ៉ា សាកី អាយុ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
ដកហូតបានវត្ថុតាមាន-រថយន្ត១គ្រឿង ម៉ាកនីសាន់ ហ្រ្វូន់ធា ពណ៌ត្រីអ៊ី ពាក់ផ្លាកលេខភ្នំពេញ 2AA-6730, ដាវចំនួន១, លិខិតសុំអនុញ្ញាតលក់គោក្របី៦សន្លឹក, លិខិតលក់ រថយន្ត១សន្លឹក, កិច្ចសន្យាជួលរថយន្ត១សន្លឹក និងកិច្ចសន្យាលក់រថយន្តជូនម្ចាស់ដើមវិញ១សន្លឹក។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕