(រតនគិរី)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលក្រុងបានលុង បានចុះបង្រ្គាបករណីជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះស្រី១ម្នាក់ រួមទាំងដកហូតបានសាធាតុញៀនសរុប៧៣៩.៧៦ក្រាម។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នៅចំណុច ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
នគរបាលក្រុងបានលុង បានបញ្ជាក់ឱ្យភ្នាក់ងារ Fresh News នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ថា កម្លាំងនគបាល បានចុះបង្ក្រាបចាប់បានជនសង្ស័យ២នាក់ នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ដែលជនសង្ស័យទី១៖ ឈ្មោះ លឹម ស៊ីថា អាយុ៣១ឆ្នាំ និងទី២៖ ឈ្មោះ គឹម ហ័រ ភេទស្រី អាយុ២០ឆ្នាំ។ ក្រោយពីបានឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ បានសារភាពថាខ្លួនពិតជាធ្លាប់បានជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ពិតប្រាកដមែន និងបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង២នាក់។
នគរបាលបានបន្តទៀតថា លុះព្រឹកឡើងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញបានចុះឆែកឆេរផ្ទះជួលរបស់ជនសង្ស័យ ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ក្រោមការសម្របសម្រួលផ្ទាល់ដោយលោក រ៉ា បូរ៉ានឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគីរី ដោយក្រឡាបញ្ជី២រូប និងចូលរួមពីមេភូមិផងដែរ បានឆែកឆេររកឃើញនូវ វត្ថុតាងរួមមាន ម្សៅក្រាមពណ៍សថ្លា១ថង់ធំ ៤ថង់ធំល្មម និង១០ថង់តូចទម្ងន់មានទម្ងន់សរុប ៧៣៩.៧៦ក្រាម ជញ្ជីញថ្លឹង២គ្រឿង ថង់សម្រាប់ច្រកមួយចំនួន ឧបករណ៍សេពមួយចំនួន កាំបិតស្នៀត១ដើម។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅអយ្យកាអមសាលាដំបូងខេត្ត រតនគិរីផ្តន្ទាទោសតាមច្បាប់៕