(ចាន់បុរី)៖ នៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០១៨ ប្រតិភូខេត្តប៉ៃលិន ដឹកនាំដោយលោកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ ឱ្យបានកាន់តែជិតស្និទ្ធិថែមទៀត។

កិច្ចពិភាក្សាការងារ ដែលបានធ្វើឡើងនៅ សាលាខេត្តចាន់បុរី ប្រទេសថៃនោះ លោកផាន់ ចាន់ធុល បានសំណូមពរដល់ភាគីថៃ បង្កលក្ខណៈងាយស្រួលសម្រាប់ ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដើម្បីបានធ្វើដំណើរឆ្លងដែន មកចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានស្នើឲ្យភាគីថៃ បន្តសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា ការប្រើប្រាស់បណ្ណឆ្លងព្រំដែនថ្មី (Border Pass) មិនទាន់បានទូលំទូលាយ តាមកិច្ចព្រមព្រៀង រវាងរាជ្ជរដ្ឋាភិបាលនៃប្រទេសទាំងពីរ, ការកសាងស្ពានឆ្លងព្រំដែន, បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់, ព្រមទាំងបទល្មើសឆ្លងដែននានា, ការនាំចេញកសិផល, និងការធ្វើពាណិជ្ជកម្មឆ្លងដែនរវាងខេត្តចាន់បុរី-ប៉ៃលិន។

ជាការឆ្លើយតបលោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហាមួយចំនួនទៀត លោកបានសន្យាថា នឹងនាំយកនូវរាល់សំណូមពរទាំងអស់នេះ ធ្វើការពិភាក្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងរាជរដ្ឋាភិបាលថៃដើម្បីរកលទ្ធភាព និងដំណោះស្រាយ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង។

ក្នុងឱកាសនោះលោក វីធូរ៉ាត់ ស្រ៊ីណាម ក៍បានកោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំង២ ដោយស្មើភាព និងស្មោះត្រង់។

នៅរសៀលថ្ងៃដដែល ក្រោយពីបញ្ចប់កិច្ចពិភាក្សា លោក ផាន់ ចាន់ធុល និងលោក វីធូរ៉ាត់ ស្រ៊ីណាម បានអញ្ជើញជាគណអធិបតីក្នុងពិធីបើកពិព័រណ៌ត្បូង និងគ្រឿងអលង្ការ ដែលខេត្តចាន់បុរី ធ្វើឡើងជារៀងរាល់ឆ្នាំ ព្រោះខេត្តនេះជាខេត្តដែលមានឈ្មោះល្បីល្បាញខាងត្បូងធម្មជាតិដ៏មានតម្លៃ ដូចគ្នានឹងខេត្តប៉ៃលិនដែរ៕