(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអប់រំបច្ចេកទេស១ខ្នង ដែលតំលៃ១៥ម៉ឺនដុល្លារ ដែលជាកសាងដោយ អង្គការមជ្ឈមណ្ឌលបណ្តុះបណ្តាល អាស៊ីអាគ្នេយ៍ (SEAPC-C) និងសំណេះសំណាលប្រជាពលរដ្ឋឃុំឬស្សីក្រោក នៅវិទ្យាល័យមង្គលបុរី ឃុំឬស្សីក្រោក ស្រុកមង្គលបុរី។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចក្រឡាហោម ស ខេង។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានបញ្ជាក់ថា ក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយសមិទ្ធផលនានា ពាក់ព័ន្ធនឹងវិស័យការងារ ដូចជាភាពរីកចម្រើនរបស់ប្រទេសជាតិ មិនមែនបានមកដោយចៃដន្យ ឬការមិនខិតខំរបស់យើងទាំងអស់គ្នា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំគណបក្សប្រជាជនកម្ពុជានោះទេ។
ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានបន្តថា ដើម្បីបន្តការងារអភិវឌ្ឍ សូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា សញ្ញាទេវតាបាចផ្កា មានលំដាប់លេខរៀង ទី២០ ងាយចាំ ងាយគិត ស្រួលគូស នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសម្តេចតេជោហ៊ុន សែន បន្តដឹកនាំកម្ពុជា បន្តមានសន្តិភាព និងបន្តការអភិវឌ្ឍកាន់តែសម្បូររុងរឿងថែមទៀត។
ជាវប្បធម៌ចែករំលែក និងគិតគូរពីសុខទុក្ខ លោក កែ គឹមយ៉ាន បាននាំយកថវិកា សម្ភារ និងអំណោយចែកជូនមាន ជូនប្រជាពលរដ្ឋចំនួន៤,៤៩៥នាក់ ម្នាក់ៗទទួលបានសារ៉ុង១, ជូនមនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង នៅឃុំឫស្សីក្រោក ចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា២ម៉ឺនរៀល សារ៉ុង១ ក្រម៉ា បំពង់ទឹកក្ដៅ មី ពិល ទឹកដោះគោ ប្រេងកូឡា ប្រេងខ្យល់ ស្ករស អំបិលអ៊ីយ៉ូតតែ ប្រេងឆា កៅអៀក, ជូនគណកម្មាធិការបក្សឃុំឫស្សីក្រោក ថវិកា១លានរៀល, ជូនមណ្ឌលសុខភាពឬស្សីក្រោកថវិកា ៥០ម៉ឺនរៀល, ជូនវិទ្យាល័យមង្គលបូរី ថវិកា៥០ម៉ឺនរៀល, ជូនថវិកា លោកគ្រូ អ្នកគ្រូចំនួន២២៧នាក់ ម្នាក់ៗ ទទួលបានសារ៉ុង១ និងថវិកា២ម៉ឺនរៀល, ជូនសិស្សានុសិស្សចំនួន ៥០០នាក់ ម្នាក់ៗ ទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ និងថវិកា៥០០០រៀល និងជូនក្រុមភ្លេងរបាំ កាត់ខ្សែបូ ថវិកា៥០ម៉ឺនរៀល។
បន្ទាប់ពីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារអប់រំបណ្តុះបណ្តាល និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋឃុំឬស្សីក្រោក ប្រជាពលរដ្ឋកាន់សាសនាអ៊ិស្លាម និងកាន់សាសនាគ្រឹះរួចមក ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាឬស្សីក្រោក ដោយបានផ្តល់ជូននូវអគារសិក្សា២ខ្នង ស្មើនឹង៨បន្ទប់ ជូនបឋមសិក្សាឬស្សីក្រោកផងដែរ៕