(ភ្នំពេញ)៖ វិចិត្រសាលសន្លឹកទេស ត្រូវបានសម្ពោធដាក់ឲ្យដំណើរការហើយ នៅថ្ងៃទី២៧ ខែមិថុនា ក្រោមអធិបតីលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍អាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន។

វិចិត្រសាលសន្លឹកទេស គឺជាកន្លែងផលិត និងប្រមូលផ្តុំនូវវត្ថុសិល្បៈ ដែលជាស្នាដៃរបស់សិល្បៈករ និងវិចិត្រករខ្មែរ មានភាពច្នៃប្រឌិតខ្ពស់ និងមានលក្ខណៈជាខ្មែរ។ សន្លឹកទេស មានទីតាំងនៅក្នុង
រមណីយដ្ឋានវត្តភ្នំ មានតាំងបង្ហាញ និងលក់ស្នាដៃសិល្បៈជាច្រើនដោយសិល្បៈករខ្មែរដែលមានទេព្យកោសល្យខ្ពស់។

លោកស្រី កុយ ពិសី បានថ្លែងកោតសរសើរចំពោះការបើកអាជីវកម្មប្រភេទនេះ ដោយសារទីមួយដើម្បីកែរក្សាកេរដំណែលរបស់ខ្មែរផង ផ្សព្វផ្សាយពីស្នាដៃទាំងនេះផង និងបង្កើតការងារជូនសិល្បៈករខ្មែរ ដែលមានទេពកោសល្យ និងភាពច្នៃប្រឌិតផង។

កញ្ញា ខែក ខេមរ៉ាត ម្ចាស់វិចិត្រសាលសន្លឹកទេសនេះ បានឲ្យដឹងថា សន្លឹកទេស ត្រូវបានបង្កើតឡើងដើម្បីបម្រើដល់ទីផ្សារវត្ថុអនុស្សាវរីយ៍បច្ចុប្បន្ន ដែលនៅមានកម្រិតនៅឡើយទៅលើភាពច្នៃប្រឌិត ប្រកបដោយលក្ខណៈខ្មែរ។ «ជាក់ស្តែង យើងអាចនៅខ្វះវត្ថុអនុស្សាវរីយ៍បែបខ្មែរ ដែលមានភាពច្នៃប្រឌិតខ្ពស់នេះដើម្បីធ្វើជាអំណោយជូនប្រតិភូបរទេស ឬភ្ញៀវបរទេសក្នុងជំនួបផ្លូវការជាដើម។ ខ្ញុំសង្កេតឃើញថា បច្ចុប្បន្ននេះវត្ថុអនុស្សាវរីយ៍មានច្រើនប្រភេទ ប៉ុន្តែវត្ថុអនុស្សាវរីយ៍ដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានលក្ខណៈបែបខ្មែរ នៅមានកម្រិតនៅឡើយ»

កញ្ញាបានបន្ថែមថា «វិចិត្រសាលនេះ នឹងក្លាយជាទីកន្លែងមួយ ដែលបម្រើដល់វិស័យទេសចរណ៍ និងផ្សព្វផ្សាយពីវប្បធម៌ដ៏ល្អផូផង់ របស់ខ្មែរយើងទៅកាន់ទេសចរដែលបានមកកម្សាន្តនៅរមណីយដ្ឋានវត្តភ្នំនេះ»

គួរបញ្ជាក់ថា សន្លឹងទេស គឺជាវិចិត្រសាល ដែលលក់ និងតាំងបង្ហាញស្នាដៃឯករបស់ខ្មែរ ដែលមានភាពច្នៃប្រឌិតខ្ពស់។ រាល់វត្ថុអនុស្សាវរីយ៍ គំនូរ និងផលិតផលដែលលក់នៅសន្លឹកទេស ត្រូវបានផលិតឡើងដោយដៃ និងមិនមានលក់នៅក្នុងទីផ្សារឡើយ ដោយការរចនា និងការផលិតត្រូវបានធ្វើឡើងមានកម្រិត និងមានភាពច្នៃប្រឌិតគ្មានពីរ។ ផលិតផល ដែលតាំង លក់នៅវិចិត្រសាលសន្លឹកទេស នឹងត្រូវការផ្លាស់ប្តូរបីខែម្តង ដើម្បីធានាថាផលិតផលទាំងអស់ដែលតាំង លក់នៅទីនេះមានភាពច្នៃប្រឌិតថ្មីៗ ៕