(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ជូនបេសកម្មមួយ ទៅកាន់សហភាពអ៉ឺរ៉ុប ចាប់ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៨ ដើម្បីបំភ្លឺ ទប់ស្កាត់វិធានការណាមួយ ដែលជំរុញឲ្យមានការដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ពីប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។
ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «តាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់បញ្ជូនបេសកកម្មសុឆន្ទៈមួយទៅកាន់សហភាពអឺរ៉ុប ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ដឹកនាំដោយ ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់នូវការបំភ្លឺជូនមន្រ្តីជាន់ខ្ពស់សំខាន់ៗរបស់គណៈកម្មការអឺរ៉ុប ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអឺរ៉ុប និងឥស្សរជនសំខាន់ៗផ្សេងទៀត អំពីសភាពការណ៍ពិតនៅកម្ពុជា»។
ក្រសួងការបរទេស បានបន្ថែមថា ទឡ្ហីករណ៍សំខាន់ៗដែលជាមូលដ្ឋានរបស់បេសកកម្មនេះ មាននៅក្នុងឯកសារជូនភ្ជាប់ជាមួយ ជាភាសាអង់គ្លេស និងបារាំង ដែលត្រូវបានប្រគល់ជូនឥស្សរជន ក្នុងរាល់ជំនួបរបស់បេសកកម្ម។ ឯកសារជាភាសាខ្មែរ នឹងចែកជូនក្នុងពេលឆាប់ៗនេះ៕